មនុស្ស ៦នាក់បានស្លាប់ និងរាបសិបនាក់រងរបួសបន្ទាប់ពី ធ្លាក់យន្តហោះចម្បាំងដ៏ទំនើបបំផុតរបស់រុស្សុីមួយគ្រឿងនៅទីក្រុង Yeysk ភាគខាងត្បូងប្រទេស!
អ្នកនាំពាក្យក្រសួងស្ថានការណ៍គ្រាអាសន្នបាននិយាយថា យន្តហោះចម្បាំងល្បឿនលឿនជាងសំឡេងរបស់យោធារុស្សុីមួយគ្រឿង បានធ្លាក់បុកចំអគារផ្ទះល្វែងនៅទីក្រុង Yeysk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃចន្ទ ក្បែរព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់និង ១៩នាក់រងរបួសក្នុងនោះមានកុមារពីរនាក់ ខណៈដែលមនុស្ស ៦នាក់ទៀតបានបាត់ខ្លួន។
យន្តហោះនេះត្រូវបានគេកំណត់អត្តសញ្ញាណថាជា បហរភេទ Sukhoi Su-34 ។ យោងតាមក្រសួងការពារជាតិ បានឱ្យដឹងថា នាវិកបានលោតឆ័ត្រយោងចេញដោយសុវត្តិភាព មុនពេលយន្តហោះធ្លាក់។
យោងតាមសេចក្តីថ្លែងការណ៍ដំបូងរបស់ក្រសួងការពារជាតិរុស្សុីបាននិយាយថា ម៉ាសុីនយន្តហោះមួយ Su-34 បានផ្ទុះឆេះ ខណៈពេលដែលកំពុងធ្វើការហោះហើរហ្វឹកហាត់ពីអាកាសយានដ្ឋានយោធានៅភាគខាងត្បូង។
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រង់សេវាកម្មសង្គ្រោះបន្ទាន់ដោយនិយាយថា អគារផ្ទះល្វែងចំនួន ៤៥ ល្វែង ដែលមានកម្ពស់ប្រាំជាន់ត្រូវបានភ្លើងឆេះ ហើយជាន់ខាងលើបង្អស់បានដួលរលំ។
សេចក្តីរាយការណ៍បន្តថា អគ្គិភ័យនេះបានរាលដាលលើផ្ទៃដីជាង២.០០០ម៉ែត្រការ៉េ (២១.៥០០ម៉ែត្រការ៉េ)។
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ត្រូវបានគេជូនដំណឹងភ្លាមៗអំពីការធ្លាក់យន្តហោះនេះ ហើយលោកក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីសុខាភិបាល និងសេវាសង្គ្រោះបន្ទាន់ រួមជាមួយនឹងអភិបាលក្នុងតំបន់ឱ្យធ្វើដំណើរទៅកាន់កន្លែងនោះផងដែរ។
ទីក្រុង Yeysk មានទីតាំងនៅឈូងសមុទ្រ Tangarog ក្នុងសមុទ្រ Azov ដែលជាព្រំដែនភាគខាងត្បូងរវាងអ៊ុយក្រែន ប្រទេសរុស្ស៊ី ដែលមានប្រជាជនស់នៅប្រហែល ជាង ៩មុឺននាក់ និងជាកន្លែងមូលដ្ឋានទ័ពអាកាសដ៏ធំមួយរបស់រុស្ស៊ីផងដែរ។
Sukhoi Su-34 គឺជាយន្តហោះទម្លាក់គ្រាប់បែកដែលមានម៉ាស៊ីនភ្លោះ supersonic មានល្បឿនលឿនជាងសម្លេង បំពាក់ដោយឧបករណ៍ចាប់សញ្ញា និងអាវុធទំនើបៗ ដែលជាធាតុផ្សំសំខាន់របស់កងទ័ពអាកាសរុស្ស៊ី ហើយត្រូវបានគេដាក់ពង្រាយយ៉ាងទូលំទូលាយនៅក្នុងសង្គ្រាមនៅក្នុងប្រទេសស៊ីរី និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
គួរបញ្ជាក់ដែរថា ឧប្បត្តិហេតុកាលពីថ្ងៃច័ន្ទបានកត់សម្គាល់ការធ្លាក់យន្តហោះចម្បាំងរុស្ស៊ីលើកទី ១០ហើយ ចាប់តាំងពីទីក្រុងម៉ូស្គូបានបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ៕