ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងជល់មាន់ នៅក្នុងកាសុីណូGrand Dragon និងGalaxy ខណៈរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្រ្កាបល្បែងសុីសងខុសច្បាប់នៅទូទាំងប្រទេស!

0

ខេត្តកណ្តាល ៖ ទោះបីជាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាក្តី ក៏ម្ចាស់កាសុីណូ Grand Dragon និងកាសុីណូGalaxy ដែលមានទីតាំងនៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ បៀរ អាប៉ោង ដោយខុសច្បាប់ យ៉ាងគគ្រឹកគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា កាសុីណូGrand Dragon បើកឲ្យពលរដ្ឋខ្មែរឲ្យចូលលេងល្បែងចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ហើយកាសុីណូGalaxy បើកឲ្យខ្មែរចូលលេងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ដោយមានថ្ងៃគូពិសេសចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលភ្នាល់ដាក់ដើមផាន់រាប់ពាន់ រហូតដល់២ទៅ៣មុឺនដុល្លារក្នុងមួយគូរៗ។

តាមការឲ្យដឹងពីអ្នកចូលលេងល្បែងភ្នាល់ជល់មាន់ក្នុងកាសុីណូទាំងពីរខាងលើនេះថា មេការវង់ល្បែង គឺមានឈ្មោះលោក ហុង ជាជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ប៊ិន ជាជនជាតិវៀតណាម។ ប្រភពខាងលើឲ្យដឹងថាមេការទាំង២នាក់នេះបានអួតក្អេងក្អាងថា វង់ល្បែងជល់មាន់របស់ខ្លួនទាំងពីរទីតាំងខាងលើមានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាលកំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីក្រសួងមហាផ្ទៃដ៏មានអំណាចម្នាក់ ជាអ្នកចាំកាងចាំការពារ ដែលសូម្បីតែលោកស្នងការខេត្តកណ្តាលក៏មិនហ៊ានចេញមុខបង្រ្កាបដែរ និយាយអ្វីឋានៈត្រឹមលោកអធិការមូលដ្ឋានស្រុកកោះធំនោះ?។

ប្រភពខាងលើឲ្យដឹងទៀតថា សង្វៀនជល់មាន់នៅក្នុងកាសុីណូទាំងពីរខាងលើ មានជនជាតិវៀតណាមចូលលេងភ្នាល់ប្រហែល១៥ទៅ២០ភាគរយប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែជាជនជាតិខ្មែរទាំងអស់ ហើយក្នុងមួយថ្ងៃៗសកម្មភាពជល់មាន់គឺមិនតិចជាង៣០គូរ ដែលលោក ហុង និងលោក ប៊ិន ប្រមូលតុងពីសង្វៀនជល់មាន់ បៀរ អាប៉ោង បានមិនតិចជាង១មុឺនដុល្លារ ហើយថ្ងៃគូរពិសេស គឺគេប្រមូលតុងមិនតិចជាង២ទៅ៣មុឺនដុល្លារនោះទេ ។

ប្រជាពលរដ្ឋក្នុងឃុំសំពៅពូនរិះគន់ថា ការដែលការសុីណូ Grand Dragon និងកាសុីណូ Galaxy បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់យ៉ាងពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងជាមានការបិទភ្នែក បិទត្រចៀក ពីសំណាក់រដ្ឋបាលខេត្តកណ្តាល ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។

ប្រជាពលរដ្ឋសំណូមពរដល់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្រ ស្នងការខេត្ត មេត្តាបើកការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបសង្វៀនជល់មាន់ទាំងពីរខាងលើនេះ ដើម្បីកុំឲ្យកើតមានអំពើអសន្តិសុខក្នុងមូលដ្ឋាន ជាពិសេសការលើកកំពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធបញ្ហានេះ លោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មិនអាចសុំការបកស្រាយតាមប្រព័ន្ធតេលេក្រាមបានទេនៅព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែតុលានេះ៕

Leave A Reply

Your email address will not be published.