មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាមចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនិងវត្តតាកុចស្រុកស្រីសន្ធរ!

0

ខេត្តកំពង់ចាម មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថា៖ ក្នុងពេលកន្លងទៅថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនបានបង្ហោះព័ត៌មានបំភ្លើសការពិត ស្តីអំពី ការរុះរើព្រះវិហារ ដែលមានសភាពទ្រុឌទ្រោម បាក់បែកធ្លុះធ្លាយដោយអន្លើៗ នៅវត្តពោធិព្រឹក្ស ហៅវត្តតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានរុះរើកាលពីថ្ងៃសុក្រ រោច ខែអស្សុជ ឆ្នាំខាល ចត្វា ស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ខែតុលា ឆ្នាំ២០២២ នោះ មន្ទីរសូមបញ្ជាក់ជូនពីសារបានដូចខាងក្រោម៖ .វត្តនេះចាប់ផ្ដើមកាប់ឆ្ការព្រៃកសាងតាំងពីឆ្នាំ១៩២៧ ដោយព្រះតេជគុណ ម៉ី ស៊ាង រហូតដល់ ឆ្នាំ១៩៣១ ទើបមានការទទួលស្គាល់ជាអារាមពីអាជ្ញាធរមូលដ្ឋានក្នុងសម័យនោះ បើគិតមកទាល់ពេលនេះ វត្តពោធិព្រឹក្ស ទើបមានអាយុកាល ៩៥ ឆ្នាំ តែប៉ុណ្ណោះ។

.ចំពោះព្រះវិហារវត្តពោធិព្រឹក្ស ចាប់ផ្តើមកសាងនៅឆ្នាំ១៩៨៧ ដែលមានព្រះសង្ឃជាមេជាងដឹកនាំកសាង ជាសំណង់ខ្វះបច្ចេកទេស បានកសាងរួចនៅឆ្នាំ១៩៩០ ហើយបានប្រារព្ធធ្វើពិធីបុណ្យបញ្ចុះ ខណ្ឌសីមាសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៥ បើគិតពីឆ្នាំកសាងរួចមកដល់ ពេលនេះមានអាយុកាល ៣២ឆ្នាំ តែបើគិតពីឆ្នាំបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ ទើបមានអាយុ កាល ២៧ ឆ្នាំ តែប៉ុណ្ណោះ។

.ចំពោះបណ្តាញសង្គមមួយចំនួន ដែលបានសរសេរបង្ហោះថា ព្រះវិហារវត្តពោធិព្រឹក្សនេះ មានអាយុកាលជាង៤០០ឆ្នាំនោះ ជាព័ត៌មានក្លែងក្លាយបំផ្លើសការពិត មិនបានពិនិត្យស្រាវជ្រាវប្រវត្តិវត្តនិងព្រះវិហារ ឱ្យបានច្បាស់លាស់នោះឡើយ ជាព័ត៌មានដែលមានចេតនាអាក្រក់ ធ្វើឱ្យមានការប៉ះពាល់ដល់តម្លៃព្រះពុទ្ធ សាសនា។

.មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម សូមសំណូមពរដល់សាធារណជនទាំងអស់កុំឱ្យមានការយល់ច្រលំតាមព័ត៌មានក្លែងក្លាយមិនពិតនេះ និងសូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះបន្ត ទៀត បើសិនជាមានបុគ្គលណាមួយនៅតែបន្តផ្សព្វផ្សាយទៀត អាជ្ញាធរមានសមត្ថកិច្ចនិងមន្ទីរពាក់ព័ន្ធ នឹង ចាត់វិធានការតាមផ្លូវច្បាប់៕

Leave A Reply

Your email address will not be published.