មនុស្សស្លាប់រាប់រយនាក់ក្នុងជម្លោះដ៏ខ្លាំងក្លារវាងក្រុមកុលសម្ព័ន្ធពីរនៅស៊ូដង់!

0

យោងតាមរបាយការណ៍បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ 150 នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលពីរថ្ងៃ នៃការប្រយុទ្ធគ្នារវាងជនជាតិភាគតិចពីរក្រុម ជុំវិញជម្លោះដីធ្លីនៅក្នុងរដ្ឋ ប្លូ នីល Blue Nile ភាគខាងត្បូងនៃប្រទេសស៊ូដង់។

ការបង្ហូរឈាមនេះ គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយហ្វូងមនុស្សបានដើរតាមផ្លូវនៃរដ្ឋធានី Damazin របស់រដ្ឋ Blue Nile ក្នុងការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ ដោយស្រែកពាក្យស្លោកថ្កោលទោសជម្លោះដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងឆ្នាំនេះផងដែរ។

លោក អាបាស់ម៉ូហ្សា Abbas Moussa ប្រធានមន្ទីរពេទ្យ Wad al-Mahi បាននិយាយថា មនុស្សសរុបចំនួន 150 នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ ត្រូវបានសម្លាប់នៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ហើយមនុស្ស​ប្រហែល 86 នាក់​ផ្សេងទៀតក៏​បាន​រង​របួស​ក្នុង​អំពើ​ហិង្សា​នេះ​ដែរ។

ការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Blue Nile បានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការឈ្លោះប្រកែកគ្នាលើដីធ្លីរ វាងសមាជិកនៃប្រជាជន Hausa និងក្រុមគូប្រជែង ដែលបណ្តាលឲ្យអ្នកស្រុករាប់រយនាក់បានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាខ្លាំងក្លានៅតំបន់ Wad al-Mahi ក្បែរ Roseires ចម្ងាយ 500km (310 ម៉ាយ) ភាគខាងត្បូងនៃរដ្ឋធានី Khartoum ។

លោក Eddie Rowe ប្រធានជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ូដង់ បាននិយាយថា លោកមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ដោយរាយការណ៍ថា “មនុស្ស 170 នាក់ហើយត្រូវបានសម្លាប់ និង 327 នាក់បានរងរបួស” ចាប់តាំងពីការចលាចលចុងក្រោយបានចាប់ផ្តើមនៅថ្ងៃទី 13 ខែតុលា។

គួររំលឹកថា ការ​ប៉ះ​ទង្គិច​នៃក្រុមកុលសម្ព័ន្ធ​ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​កក្កដា បាន​សម្លាប់​មនុស្ស ១៤៩ នាក់​គិត​ត្រឹម​ដើម​ខែ​តុលានេះ។ កាល​ពី​សប្តាហ៍​មុន ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​បាន​សម្លាប់​មនុស្ស ១៣ នាក់​ផ្សេង​ទៀត នេះ​បើ​តាម​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ (OCHA)។

ការប្រយុទ្ធគ្នាខែកក្កដា ពាក់ព័ន្ធនឹងជនជាតិ Hausa ដែលជាកុលសម្ព័ន្ធដែលមានដើមកំណើតនៅទូទាំងទ្វីបអាហ្វ្រិកខាងលិច និងប្រជាជន Berta បន្ទាប់ពីមានជម្លោះដីធ្លីដ៏រាំរៃ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមតំណាងឱ្យក្រុម Hausa បាននិយាយថា ពួកគេស្ថិតនៅក្រោមការវាយប្រហារដោយបុគ្គលប្រដាប់ដោយអាវុធធុនធ្ងន់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ប៉ុន្តែមិនបានស្តីបន្ទោសកុលសម្ព័ន្ធ ឬក្រុមជាក់លាក់ណាមួយសម្រាប់ការវាយប្រហារនោះទេ។

យ៉ាងណាមិញ អ្នកវិភាគជាច្រើនបានចាត់ទុកការកើនឡើងនៃអំពើហឹង្សានេះ ថាជាការខ្វះអំណាចនៅក្នុងតំបន់ ដែលបណ្តាលមកពីរដ្ឋប្រហារយោធាកាលពីខែតុលាឆ្នាំមុន។ ហើយអំពើហឹង្សាក៏បានគម្រាមកំហែងបន្ថែមទៀតដល់សេដ្ឋកិច្ចរបស់ប្រទេសស៊ូដង់ ដែលរួមផ្សំដោយកង្វះខាតប្រេងឥន្ធនៈ ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែនផងដែរ៕

Leave A Reply

Your email address will not be published.