សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង !

0

 

នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។

តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋចំនួន ៣,២០០គ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតរុះរើសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែងនេះ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា តំបន់ពាក់ស្នែងជាសមរភូមិដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម ដែលកាលនោះក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស មានពលរដ្ឋអូស្ត្រាលី ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់នៅទីនេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចាកចេញពីតំបន់រមណីយដ្ឋានអង្គររបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ និងត្រឹមត្រូវបំផុត ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត។សម្តេចតេជោបានថ្លែងថា ថ្មីៗនេះ ព្រះបដិមារបស់កម្ពុជាជាច្រើនបានបង្ហាញខ្លួន ក្រោយពេលតំបន់រមណីយដ្ឋានអង្គរត្រូវបានរៀបចំ។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ គឺមិនមែនយកពលរដ្ឋមកទុកចោលនោះឡើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា មានផ្លូវ២ខ្សែកាត់តំបន់ពាក់ស្នែង ត្រូវបានសិក្សាសាងសង់ ក្នុងនោះផ្លូវមួយមានប្រវែងជាង ៥៥គីឡូម៉ែត្រ តម្លៃ ៤៦លានដុល្លារ និងមួយខ្សែទៀតប្រវែង ៤៦គីឡូម៉ែត្រ គ្រោងប្រើថវិកាជាង ៩៤លានដុល្លារ ក៏នឹងត្រូវសាសងនៅតំបន់នេះផងដែរ។ ដូច្នេះ សម្តេចតេជោបានសម្រេចអោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ពាក់ស្នែងនេះ រួមមានផ្លូវ មន្ទីរពេទ្យ សាលារៀន និងផ្សារផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណចំពោះ សម្តេចព្រះសង្ឃ នៃគណៈសង្ឃនាយក និងបណ្តាសប្បុរសជននានា ដែលបានឧបត្ថម្ភជាស្បៀង និងថវិកា ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ជូនបងប្អូនប្រជាពលរដ្ឋយើង។ សម្តេចតេជោក៏បានណែនាំដល់អាជ្ញាធរតាមខេត្តនានា ឱ្យចាត់ចែងចែកស្បៀង និងថវិកាជូនពលរដ្ឋរងគ្រោះ ដោយដោយទឹកជំនន់មិនចាំបាច់រងចាំវត្តមានសម្តេចទេ។

សម្តេចតេជោបានមានប្រសាសន៍ផ្តាំទៅប្រជាពលរដ្ឋរើទៅនៅពាក់ស្នែងថា បើដីធ្វើមិនទាន់រួច ហើយគ្មានអ្នកទៅដឹកទេ កុំទាន់ចេញពីលំនៅឋានចាស់។សម្តេចតេជោបានថ្លែងថា ដីចែកជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង មិនមែនជាដីសង្គមកិច្ចទេ គឺជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ៕

Leave A Reply

Your email address will not be published.