មនុស្សបួននាក់បានស្លាប់និង១៩នាក់រងរបួសបន្ទាប់ពីការប៉ះទង្គិចគ្នាមួយប្រាវរវាងទាហានអ៊ីស្រាអែលនិងអ្នកប្រយុទ្ធប៉ាឡេស្ទីន!
AFP: ប្រភពពីមន្ត្រីប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនបួននាក់បានស្លាប់ និង ១៩នាក់បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅក្នុងទីក្រុង ណាប្លឺស Nablus ក្នុងតំបន់ វេសន៍ប៊ែង West Bank ដែលអ៊ីស្រាអែលកាន់កាប់។
ការប៉ះគ្នាដោយអាវុធនេះ បានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលមួយក្រុមធំបានចូលទៅក្នុងទីក្រុង Nablus ហើយត្រូវបានប្រទះឃើញនិងកងកម្លាំងសន្តិសុខប៉ាឡេស្ទីនប្រដាប់ដោយអាវុធរួចក៏បើកការវាយប្រហារភ្លាមៗតែម្តង។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា មានមនុស្សបីនាក់បានស្លាប់ និងរបួស ១៩ នាក់ ក្នុងនោះ ៤នាក់របួសធ្ងន់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅ Nablus” ខណៈដែលអ្នកស្លាប់ភាគច្រើនគឺជាជនសុីវិល។
យ៉ាងណាមិញ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ពួកគេកំពុងប្រតិបត្តិការនៅ ក្រុង Nablus ហើយយោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអះអាងថាខ្លួននៅពីក្រោយការសម្លាប់នេះទេ។
គួរជម្រាបថា កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយឆ្មក់នៅនៅតំបន់ West Bank ដែលខ្លួនកាន់កាប់ចាប់តាំងពីខែមីនា ក្នុងអ្វីដែលខ្លួននិយាយថា ជាការបណ្តេញកងប្រដាប់អាវុធតែប៉ុណ្ណោះ៕