ឃាត់ខ្លួនមនុស្សពីរនាក់ពីបទឆបោកអ្នកទិញ iPhone 14 តាមប្រព័ន្ធអនឡាញន៍!
CNA: កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) បាននិយាយកាលពីថ្ងៃអង្គារ (ទី 25 ខែតុលា) ថា បុរសអាយុ 23 ឆ្នាំ និងស្ត្រីអាយុ 25 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាពួកគេជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់។ ក្នុងការឆបោកពាក់ព័ន្ធនឹងការលក់ទូរស័ព្ទ iPhone 14 តាមប្រព័ន្ធអនឡាញន៍ Carousell។
នៅចន្លោះថ្ងៃទី 1 ខែតុលា ដល់ថ្ងៃទី 17 ខែតុលា SPF បានទទួលរបាយការណ៍ជាច្រើនពីជនរងគ្រោះ ដែលត្រូវបានបោកបញ្ឆោតដោយអ្នកលក់អនឡាញន៍ ដែលបានផ្សាយពាណិជ្ជកម្មលក់ឧបករណ៍ចល័តដូចជា iPhone 14 series និង iPhone 13 series model នៅលើ Carousell។
តាមរយៈការស៊ើបអង្កេតបន្តបន្ទាប់ មន្រ្តីមកពីនាយកដ្ឋានកិច្ចការពាណិជ្ជកម្មរបស់ SPF បានកំណត់អត្តសញ្ញាណអ្នកទាំងពីរ ហើយបានចាប់ខ្លួនពួកគេនៅអាកាសយានដ្ឋាន Changi កាលពីថ្ងៃអង្គារ នៅពេលពួកគេមកដល់ប្រទេសសិង្ហបុរី។
ប៉ូលីសបាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកទាំងពីរត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះយ៉ាងហោចណាស់ 140 ករណី ជាមួយនឹងការខាតបង់ដែលមានទំហំទឹកប្រាក់ចំនួនច្រើនជាង 360,000 ដុល្លារសិង្ហបុរី។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនឹងត្រូវចោទប្រកាន់នៅតុលាការនៅថ្ងៃពុធនេះ ពីបទសមគំនិតឧក្រិដ្ឋកម្មដើម្បីបោកប្រាស់នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។
ប៉ូលីសបាននិយាយថា អ្នកបោកប្រាស់ទាំងនេះអាចប្រើប្រាស់គណនីធនាគារក្នុងស្រុក ឬផ្តល់ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណដើម្បីធ្វើឱ្យជនរងគ្រោះជឿថាពួកគេគឺជាអ្នកលក់ពិតប្រាកដ។
យ៉ាងណាមិញ ប៉ូលិសបានណែនាំដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើការទិញតាមអ៊ីនធឺណិត ដូចជាការទិញទំនិញពីអ្នកលក់ដែលមានការអនុញ្ញាត ឬប្រភពល្បីឈ្មោះ ជាពិសេសទំនិញមានតម្លៃខ្ពស់៕