រុស្សុី ធ្វើលំហាត់សមយុទ្ធនុយក្លេអ៊ែរភ្លាមៗដើម្បីឆ្លើយតបចំពោះសមយុទ្ធនុយក្លេអ៊ែររបស់ NATO!
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមជាគណៈអធិបីតីក្នុងសមយុទ្ធនៃកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប និងកាំជ្រួចជាច្រើនទៀត នៅក្នុងការបង្ហាញសាច់ដុំ ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយលោកខាងលិចជុំវិញជម្លោះនៅអ៊ុយក្រែន។
សមយុទ្ធកាលពីថ្ងៃពុធ បានកើតឡើងចំពេលដែលមានការលើកឡើងជាបន្តបន្ទាប់ពីទីក្រុងមូស្គូ និងលោកពូទីន ដែលគេសង្កេតឃើញថា ជម្លោះរយៈពេលប្រាំបីខែនៅអ៊ុយក្រែនអាចប្រែទៅជាសង្គ្រាមនុយក្លេអ៊ែរជាក់ជាមិនខាន។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រោមការដឹកនាំរបស់ លោក វ្ល៉ាឌីមៀ ពូទីន វគ្គហ្វឹកហ្វឺនមួយត្រូវបានធ្វើឡើងជាមួយនឹងកងកម្លាំងទប់ស្កាត់យុទ្ធសាស្ត្រលើដី សមុទ្រ និងផ្លូវអាកាស ក្នុងអំឡុងពេលដែលការបាញ់បង្ហោះជាក់ស្តែងនៃកាំជ្រួចផ្លោង និងមីស៊ីលឆ្លងកាត់បានកើតឡើង”។
ក្នុងអំឡុងពេលសមយុទ្ធរុស្ស៊ីកាលពីថ្ងៃពុធ មីស៊ីលផ្លោងអន្តរទ្វីបដែលមានមូលដ្ឋានលើដី Yars ត្រូវបានបាញ់សាកល្បងចេញពីទីតាំងបាញ់បង្ហោះ Plesetsk ភាគខាងជើងប្រទេស។ ហើយជាផ្នែកមួយនៃសមយុទ្ធនេះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានបាញ់បង្ហោះកាំជ្រួចនៅគោលដៅអនុវត្តផងដែរ។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាល់កិច្ចការដែលបានកំណត់សម្រាប់សមយុទ្ធត្រូវបានបំពេញ ហើយរាល់មីស៊ីលដែលត្រូវបានបាញ់សាកល្បងបានទៅដល់គោលដៅដែលបានកំណត់របស់ពួកគេ។
ជាការពិតណាស់ សមយុទ្ធរបស់រុស្ស៊ីនៅថ្ងៃពុធនេះ បានកើតឡើងស្របពេលដែលអង្គការណាតូកំពុងធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន នៅភាគពាយ័ព្យអឺរ៉ុបដែលនឹងដំណើរការរហូតដល់ថ្ងៃទី 30 ខែតុលា។
គួរជម្រាបថា សមយុទ្ធរបស់អង្គការណាតូ ដែលត្រូវបានគេដាក់ឈ្មោះថា “Steadfast Noon” មានយន្តហោះប្រហែល 60 គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែក B-52 រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងយន្តហោះចម្បាំងដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនពាក់ព័ន្ធនឹងគ្រាប់បែកផ្ទាល់ណាមួយឡើយ៕