មីយ៉ាន់ម៉ា ព្រមានអាស៊ានថា កុំព្យាយាមដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា វានឹងរឹតតែធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ!

0

CNA: មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងហ្លេងបានព្រមានចំពោះបណ្តាប្រទេសអាស៊ានថា ការដាក់សម្ពាធដោយការកំណត់ពេលវេលា លើផែនការសន្តិភាពនឹងធ្វើ ឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ហើយជាទង្វើប្រឆាំងផលិតភាព តែប៉ុណ្ណោះ។

ការព្រមានខាងលើនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ដ្ឋាភិបាលយោធា ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានពិភាក្សាអំពីវិធីនៃការបន្ធូរបន្ថយជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា ផងដែរ។

ក្រសួងការបរទេសនៃរបបយោធា បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា នឹងមិនខ្លាចរអានូវលទ្ធផលនៃកិច្ចប្រជុំនេះឡើយ ព្រោះវាត្រូវបានប្រារព្ធឡើងដោយប្រទេស អាស៊ានចំនួន៩ តែប៉ុណ្ណោះ ដោយគ្មានការចូលរួមពីអ្នកតំណាងមីយ៉ាន់ម៉ា ដែលជាសមាជិកភាព១០ប្រទេសនៃប្លុកនេះទេ។

គួរបញ្ជាក់ថា ស្ថានការណ៍នយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងរញ្ជួយដោយជម្លោះដ៏សាហាវក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលរាប់បញ្ចូលទាំងការបំផ្ទុះគ្រាប់បែក នៅឯពន្ធនាគារដ៏ធំបំផុតមួយ និងការវាយឆ្មក់តាមអាកាសរបស់រដ្ឋាភិបាលនៅភាគខាងជើងរដ្ឋកាឈីន (Kachin) កាលពីថ្ងៃអាទិត្យ ដែលមានសេចក្តីរាយការណ៍ថាបានសម្លាប់មនុស្សប្រហែល ៨០នាក់ ក្នុងនោះមានទាំងជនស៊ីវិលជាច្រើននាក់៕

Leave A Reply

Your email address will not be published.