យ៉ាងហោចណាស់មនុស្ស 60 នាក់បានស្លាប់ក្នុងហេតុការណ៍បាក់ស្ពានយោលដ៏ចាស់បំផុតនៅឥណ្ឌា! 

0

 

គួរឲ្យរន្ធត់ណាស់ មនុស្ស 60 នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានយោលដ៏ចាស់មួយនៅក្នុងរដ្ឋ គូចារ៉ាន់ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌាបានដួលរលំ ដោយបានទម្លាក់មនុស្សរាប់រយនាក់ចូលទៅក្នុងទឹក។

 

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្សជាង 400 នាក់បាននៅលើស្ពានឆ្លងកាត់ទន្លេ ម៉ាឈូ Machhu ក្នុងទីក្រុង ម៉ប៊ី Morbi កាលពីថ្ងៃអាទិត្យក្រោយស្ពានបានដួលរលំ។

 

នៅក្នុងខ្សែវីដេអូទូរទស្សន៍រដ្ឋឥណ្ឌា បានបង្ហាញពីមនុស្សរាប់សិបនាក់កំពុងតោងជាប់នឹងខ្សែកាប្ពានយ៉ាងរំណោករណែង និងបំណែកនៃស្ពានដែលបាក់រលំ ហើយអ្នក​ខ្លះ​ទៀតព្យាយាមហែល​ទៅ​រក​ទី​សុវត្ថិភាព។

 

អាជ្ញាធរបានប្រាប់ថា ស្ពានប្រវត្តិសាស្ត្រប្រវែង 230 ម៉ែត្រនេះមានអាយុកាលជិត 150ឆ្នាំហើយ ត្រូវបានសាងសង់ឡើងក្នុងអំឡុងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសក្នុងសតវត្សទី 19 ។ ដោយសារមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេក វា​ត្រូវ​បាន​បិទ​សម្រាប់​ការ​ជួសជុល​រយៈពេល​ប្រាំមួយ​ខែ ហើយ​បាន​បើក​ជា​សាធារណៈ​វិញ​កាលពី​សប្តាហ៍​មុន​នេះ។

 

ជាការពិតណាស់ ឧបទ្ទវហេតុ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់ៗនិង​ថែទាំ​មិន​ល្អ រួម​ទាំង​ស្ពាន​គឺ​ជា​រឿង​ធម្មតា​ទៅហើយក្នុង​ប្រទេស​ឥណ្ឌា។

 

ក្នុងឆ្នាំ 2006 មនុស្សយ៉ាងហោចណាស់ 34 នាក់បានស្លាប់នៅពេលដែលស្ពានដែលមានអាយុ 150 ឆ្នាំបានដួលរលំនៅលើរថភ្លើងដឹកអ្នកដំណើរនៅក្នុងស្ថានីយ៍រថភ្លើងនៅភាគខាងកើតនៃរដ្ឋ Bihar ។

 

ដោយឡែកក្នុងឆ្នាំ 2016 ការដួលរលំនៃស្ពានអាកាសនៅលើផ្លូវដ៏មមាញឹកមួយនៅក្នុងទីក្រុងភាគខាងកើតនៃ Kolkata បានសម្លាប់មនុស្ស 26 នាក់។

 

តិចជាងមួយសប្តាហ៍ក្រោយមកមនុស្ស 30 នាក់ត្រូវបានសម្លាប់នៅពេលដែលស្ពានថ្មើរជើងលើទន្លេមួយក្នុងរដ្ឋ Arunachal Pradesh ភាគឦសានបានដួលរលំ៕

Leave A Reply

Your email address will not be published.