រុស្សី ត្រៀមបញ្ជូនទាហាន ៨៧.០០០នាក់ ទៅកាន់តំបន់ប្រយុទ្ធ ក្នុងប្រទេសអ៊ុយក្រែន!
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គី សយហ្គូ Sergey Shoygu បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីចំនួន ៨៧,០០០នាក់ ក្នុងចំណោម ៣០០,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ប្រយុទ្ធដ៏ក្តៅគគុកក្នុងប្រទេសអ៊ុយក្រែនឆាប់ៗនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមេយោធានៅទីក្រុងមូស្គូ លោក Shoygu បាននិយាយថា ទាហានដែលបានរាយការណ៍ជាង៨មុឺននាក់ នឹងត្រូវបញ្ជូនឲ្យចូលរួមក្នុង “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែន ប៉ុន្តែមិនមែនប្រយុទ្ធទេ។
លោកបាននិយាយថា”ទាហាន ៨៧.០០០ នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ប្រយុទ្ធដើម្បីបណ្តុះបណ្តាលបន្ថែម ក្នុងការបញ្ចប់ការកន្លែងហ្វឹកហាត់។ កិច្ចខិតខំប្រឹងប្រែងចម្បង គឺផ្តោតលើការបណ្តុះបណ្តាលលើវិស័យ សមត្ថភាពក្នុងការប្រើប្រាស់មធ្យោបាយទំនាក់ទំនង ការរុករក និងការឈ្លបយកការណ៍”។
លោក Shoygu ក៏បាននិយាយផងដែរថា “ទាហានទាំងអស់ដែលបានបញ្ចប់ការបម្រើយោធារបស់ពួកគេក្រោមការបំពេញកាតព្វកិច្ចយោធានឹងត្រូវបញ្ជូនទៅផ្ទះវិញ”។
លោករដ្ឋមន្ត្រីបានបន្ថែមថា “ទាហានស៊ីឈ្នួលបរទេសបន្តចូលរួមក្នុងសង្គ្រាមលើភាគីអ៊ុយក្រែន ហើយក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ជិត ២០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ជម្លោះ”។
លោកបានកត់សម្គាល់ថា ការវាយប្រហារតាមអាកាសប្រចាំថ្ងៃរបស់រុស្ស៊ីបានកាត់បន្ថយសក្តានុពលយោធារបស់អ៊ុយក្រែន ខណៈដែលពួកគេបានវាយប្រហារលើ “ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់សត្រូវ”។
គួរជម្រាបថា កាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងមកនេះប្រទេសរុស្ស៊ី បានអនុវត្តការកេណ្ឌចល័តយោធាមួយផ្នែកធំផ្អើលប្រទេស ក្រោមការជ្រើសរើសទាហានចំនួន ៣០មុឺន នាក់ដែលនឹងត្រូវបញ្ចូលទៅសមរភូមិជួរមុខផងដែរ៕