រុស្ស៊ី​ចោទ​អង់គ្លេស​ថា​ជាអ្នកនៅពីក្រោយនៃការ​បំផ្ទុះ បំពង់ឧស្ម័ន Nord Stream!

0

ប្រទេសរុស្ស៊ី បានចោទប្រកាន់ចក្រភពអង់គ្លេសជាថ្មីម្តងទៀតថា បានធ្វើការវាយប្រហារលើបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រ Nord Stream ដោយទីក្រុងមូស្គូបាននិយាយថាខ្លួនកំពុងពិចារណានូវ “ជំហានបន្ថែមទៀត” ដើម្បីចាត់វិធានការលើសកម្មភាពដែលត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមេទ្រី ផេស្កូវ Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា”សេវាស៊ើបការណ៍សម្ងាត់របស់យើងមានទិន្នន័យភស្តុតាងយ៉ាងច្បាស់លាស់ដែលបង្ហាញថាអ្នកឯកទេសយោធាអង់គ្លេសកំពុងដឹកនាំ នៅពីក្រោយការវាយប្រហារនេះ” ។

ការកត់សម្គាល់របស់លោក Peskov បានកើតឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកកងទ័ពជើងទឹកអង់គ្លេសបានបំផ្ទុះផ្នែកនៃបំពង់បង្ហូរ Nord Stream 1 និង 2 កាលពីខែកញ្ញា នៅពេលដែលមានការលេចធ្លាយឧស្ម័នដ៏ធំមួយដែលបញ្ចេញចេញពីឆ្នេរសមុទ្រនៃប្រទេសដាណឺម៉ាក និងស៊ុយអែត។

យ៉ាងណាមិញ ចក្រភពអង់គ្លេស បានច្រានចោលការចោទប្រកាន់នេះថាជារឿងមិនពិត ហើយបាននិយាយថា នេះជាយូទ្ធសាស្ត្ររបស់រុស្សុី ដែលត្រូវបានរៀបចំឡើងដើម្បីបង្វែរការយកចិត្តទុកដាក់ពីការបរាជ័យផ្នែកយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។

អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីថ្មី Rishi Sunak បានប្រាប់អ្នកយកព័ត៌មានថា “ជាក់ស្តែង យើងកំពុងតាមដានស្ថានការណ៍យ៉ាងប្រុងប្រយ័ត្នបំផុត ប៉ុន្តែរុស្ស៊ីបានព្យាយាមទាញយើង ឲ្យចូលទៅក្នុងបញ្ហាទាំងនេះ ដែលជាផ្នែកនៃយុទ្ធសាស្ត្ររបស់រុស្ស៊ី” ។ “ខណៈដែលរុស្ស៊ីបន្តការទម្លាក់គ្រាប់បែកសម្លាប់មិនរើសមុខលើជនស៊ីវិល និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ នោះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង ហើយ​យើង​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដើម្បី​ឲ្យ​ពួកគេ​ចាញ់​សង្គ្រាម​ខុស​ច្បាប់​នេះ”។

ទោះជាយ៉ាងណា លោក Peskov បាននិយាយថា នៅមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ថាតើត្រូវជួសជុលបំពង់បង្ហូរប្រេងដែលគ្រប់គ្រងដោយរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូកំពុងរង់ចាំការវាយតម្លៃពីអ្នកជំនាញអំពីការខូចខាតដែលបង្កឡើង។
ខណៈដែលការស៊ើបអង្កេតរបស់អាជ្ញាធរអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែតនៅតែបន្ត។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងម្តងហើយម្តងទៀត បើទោះបីមិនមានហេតុផលគ្រប់គ្រាន់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ជាអ្នកនៅពីក្រោយការផ្ទុះនេះនោះទេ៕

Leave A Reply

Your email address will not be published.