រយៈពេល១ខែ មានរថយន្តបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជិត៤៤ម៉ឺនគ្រឿង!

0

(ភ្នំពេញ)៖ បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាព ចរាចរណ៍ ក្នុងរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ទី៣១ ខែតុលា ឆ្នាំ២០២២ នៃការអនុញ្ញាត ឱ្យបើកបរលើផ្លូវល្បឿនលឿន ដោយឥតគិតថ្លៃ។

គឺមានយានយន្តចំនួន ៤៣៧.៣៨១គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។
ដោយចេញចូលតាមស្ថានីយទាំង៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានចំនួន១៩ករណី (ស្មើនឹង ០,០០៤% បើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា)។

ក្នុងចំណោមយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងពេលបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃមួយខែនេះ ។
មានករណីប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ១២៩១ខ្សែ បានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩ ដែលជាលេខទូរស័ព្ទសង្គ្រោះរបស់ក្រុមហ៊ុន។

សូមជម្រាបថា៖ ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានផ្តើមគិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទីព្រឹក នេះតទៅហើយ។
ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។
ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០% ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់ប្រកបទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

Leave A Reply

Your email address will not be published.