ទីបំផុត រុស្ស៊ីយល់ព្រមចូលរួមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនឡើងវិញហើយ!

0

 

ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងចូលរួមឡើងវិញនូវកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនតាមច្រករបៀងសមុទ្រខ្មៅដែលមានសុវត្ថិភាព ដោយការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញនៅថ្ងៃពុធ។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទីក្រុងមូស្គូនឹងចូលរួមម្តងទៀត ដោយនិយាយថាខ្លួនបានទទួលការធានា “គ្រប់គ្រាន់” ពីទីក្រុង Kyiv ថាខ្លួននឹងមិនប្រើប្រាស់ច្រករបៀងសមុទ្រសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងរុស្ស៊ីឡើយ។

ប្រធានាធិបតីទួរគីលោក រេសុីប តៃយីប អឺដូហ្គេន Recep Tayyip Erdogan បាននិយាយនៅមុននេះដែរថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គី សយហ្គូ  Sergei Shoigu បានប្រាប់សមភាគីទួរគីថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយទួរគី និងអង្គការសហប្រជាជាតិ នឹងបន្តដំណើរការឡើងវិញនៅថ្ងៃថ្ងៃពុធនេះ។

គួររំលេឹថា រុស្ស៊ីកាលពីថ្ងៃសៅរ៍បាននិយាយថា នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងជាបណ្ដោះអាសន្ន ដោយចោទប្រកាន់អ៊ុយក្រែនថាបានប្រើប្រាស់ច្រករបៀងសុវត្ថិភាពដឹកជញ្ជូនមិនត្រឹមត្រូវ ដើម្បីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកងនាវាសមុទ្រខ្មៅរបស់ខ្លួន៕

Leave A Reply

Your email address will not be published.