ប៉ូឡូញ សង់របងខ្សែលួសប្រវែង ២១០ គីឡូម៉ែត្រនៅជាប់ព្រំដែន រុស្ស៊ី!
ប្រទេសប៉ូឡូញបានបញ្ជាឲ្យទាហានសាងសង់របងខ្សែលួសប្រវែង ២១០ គីឡូម៉ែត្រតាមបណ្តោយព្រំដែនរុស្ស៊ី-ប៉ូឡូញទាំងមូល ដើម្បីការពារលំហូរនៃជនចំណាកស្រុកអាស៊ី និងអាហ្រ្វិក ឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប តាមរយៈតំបន់ Kaliningrad របស់រុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក ម៉ារួស Mariusz បាននិយាយថា ផែនការនេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា តំបន់ Kaliningrad បានចាប់ផ្តើមទទួលយកជើងហោះហើរពីអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ជាពិសេសគឺក្ដីបារម្ភអំពីការកើតឡើងម្តងទៀត នៃវិបត្តិជនចំណាកស្រុកដូចឆ្នាំ ២០២១ នៅតាមព្រំដែនជាមួយប្រទេសបេឡារុស ។ ហើយការសាងសង់របងនេះបានចាប់ផ្តើមកាលពីថ្ងៃពុធ ដោយមានការចូលរួមពីទាហានប៉ូឡូញដែលមានឯកទេសខាងដោះមីនផងដែរ។
គួររំលេឹថា កាលពីឆ្នាំមុន ព្រំដែនរវាងប៉ូឡូញ និងបេឡារុស បានក្លាយជាកន្លែងផ្ទុះវិបត្តិដ៏ធំមួយ ខណៈដែលជនចំណាកស្រុករាប់ពាន់នាក់ បានព្យាយាមឆ្លងដែនខុសច្បាប់ចូលទៅក្នុងរដ្ឋសហភាពអឺរ៉ុប។
ចាប់តាំងពីពេលនោះមក ទីក្រុង វ៉ាស័រ Warsaw បានសាងសង់ជញ្ជាំងដែកនៅតាមព្រំដែនជាមួយប្រទេសបេឡារុស ហើយបានចោទប្រកាន់ទីក្រុង មីន Minsk ថា បានធ្វើសកម្មភាពដូចរុស្ស៊ី ដើម្បីធ្វើ “សង្រ្គាមកូនកាត់” ក៏ដូចជាសាបព្រួសភាពវឹកវរ និងធ្វើឲ្យមានការបែកបាក់នៅក្នុងសហភាពអឺរ៉ុប ។
ទោះយ៉ាងណាក្តី ទាំងប្រទេសរុស្ស៊ី និងបេឡារុស បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយប្រធានាធិបតីបេឡារុស លោក អេឡិចសាន់ឌ័រ លូកាឈិនកូ Aleksandr Lukashenko បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនជួយ អឺរ៉ុប EU ក្នុងការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៀតនោះទេ ដោយសារតែប្រទេសរបស់លោក មិនមានថវិកាគ្រប់គ្រាន់ ព្រោះតែទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច៕