លោក Imran Khan ថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Sharif ជាប់ពាក់ព័ន្ធក្នុងផែនការសម្លាប់រូបលោក!
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ Imran Khan បានចោទប្រកាន់អ្នកស្នងតំណែងរបស់គាត់ថា មានជាប់ពាក់ព័ន្ធក្នុងផែនការសម្លាប់គាត់ ខណៈដែលគាត់បានជាសះស្បើយពីរបួសដោយគ្រាប់កាំភ្លើងបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃព្រហស្បតិ៍្ត។
លោក Khan បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រី សេបាស់ ហ្សារីហ្វ Shehbaz Sharif ដែលជាអ្នកជំនួសគាត់ជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតមិនទុកចិត្តកាលពីខែមេសាបានជាប់ពាក់ព័ន្ធក្នុងផែនការដែលរួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Rana Sanaullah និងមេបញ្ជាការកងទ័ពជាន់ខ្ពស់។
យ៉ាងណាមិញ រដ្ឋាភិបាលបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយបានស្តីបន្ទោសការប៉ុនប៉ងធ្វើឃាតដោយខ្មាន់កាំភ្លើងបង្កឡើងដោយ “លទ្ធិជ្រុលនិយមសាសនា”ទៅវិញ។
ជាមួយគ្នានោះ ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) របស់យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលប៉ាគីស្ថានត្រូវបានស្នើសុំឱ្យស៊ើបអង្កេតបញ្ហានេះ និងចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការបរិហារកេរ្តិ៍ និងការចោទប្រកាន់មិនពិតប្រឆាំងនឹងស្ថាប័ន និងមន្ត្រីរបស់ខ្លួនដោយគ្មានភស្តុតាងអ្វីទាំងអស់” ។
គួរជម្រាបថា ការវាយប្រហារលើក្បួនរថយន្តរបស់លោក Khan កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់បុរសម្នាក់ និងរបួសយ៉ាងហោចណាស់ 10 នាក់ ដែលបង្កើនភាពតានតឹងយ៉ាងសំខាន់នៅក្នុងវិបត្តិនយោបាយដែលបានគ្រប់គ្រងប្រទេសចាប់តាំងពីការផ្តួលរំលំរបស់លោក Khan ក្នុងខែមេសា។ ខណៈដែលអតីតតារាកីឡា cricket អន្តរជាតិអាយុ 70 ឆ្នាំរូបនេះបានដឹកនាំក្បួនយុទ្ធនាការមនុស្សរាប់ពាន់នាក់ចាប់តាំងពីសប្តាហ៍មុនពី Lahore ទៅកាន់ Islamabad ៕