ប្រធានាធិបតីកូរ៉េខាងត្បូងចេញមុខធ្វើការសុំទោសជាសាធារណៈចំពោះគ្រួសារសពរងគ្រោះ Halloween!
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានសុំទោសជាសាធារណៈ កាលពីព្រឹកថ្ងៃចន្ទនេះ សម្រាប់ព្រឹត្តិការណ៍ Halloween ដ៏សាហាវនៅទីក្រុងសេអ៊ូល ដោយសន្យាថានឹងទទួលខុសត្រូវចំពោះមន្ត្រីណាដែលរកឃើញថា ទទួលខុសត្រូវចំពោះការឆ្លើយតបខុសឆ្គង និងធ្វើកំណែថ្មីលើទម្រង់ប្រព័ន្ធគ្រប់គ្រងប៉ូលីស និងសុវត្ថិភាព។
ឧប្បត្តិហេតុកាលពីថ្ងៃទី 29 ខែតុលាបានសម្លាប់មនុស្ស 156 នាក់ ដែលភាគច្រើនមានអាយុ 20 និង 30 ឆ្នាំ និង 197 នាក់ទៀតបានរងរបួសនៅពេលដែលអ្នកដើរលេងកម្សាន្តត្រង់ចំណុចផ្លូវតូចចង្អៀតមួយ នៃសង្កាត់កម្សាន្តពេលរាត្រីដ៏ពេញនិយមរបស់ Itaewon ដើម្បីប្រារព្ធពិធីបុណ្យ Halloween បន្ទាប់ពីការទប់ស្កាត់ COVID-19 ជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំនេះ។
លោក Yoon បានផ្តល់ការសុំទោសក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយដើម្បីពិនិត្យមើលច្បាប់សុវត្ថិភាព ខណៈដែលប្រទេសនេះបន្តកាន់ទុក្ខជនរងគ្រោះ ដែលបានស្លាប់។ ហើយការស៊ើបអង្កេតកំពុងដំណើរការលើការឆ្លើយតបរបស់អាជ្ញាធរចំពោះគ្រោះថ្នាក់នេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនហ៊ានប្រៀបធៀបខ្លួនឯងទៅនឹងឪពុកម្តាយដែលបានបាត់បង់កូនប្រុសស្រីនោះទេ ប៉ុន្តែក្នុងនាមជាប្រធានាធិបតី ដែលគួរតែការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ខ្ញុំពិតជាខូចចិត្តណាស់”។
“ខ្ញុំសូមចូលរួមសោកស្ដាយ និងសូមអភ័យទោសចំពោះក្រុមគ្រួសារសព ដែលជួបនូវសោកនាដកម្មដ៏សោកសៅ ដែលមិនអាចនិយាយបាន និងចំពោះប្រជាពលរដ្ឋដែលបានចូលរួមរំលែកទុក្ខ និងសោកសៅបំផុត”។
ទោះជាយ៉ាងណា ប៉ូលីសក្រុងសេអ៊ូល បានប្រឈមមុខនឹងការរិះគន់ជាសាធារណៈ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការឆ្លើយតបរបស់ខ្លួនក្នុងអំឡុងពេលសោកនាដកម្មនេះ ដោយបានបញ្ជូនមន្ត្រីត្រឹមតែ 137 នាក់ទៅកាន់តំបន់នេះ បើទោះបីជាមានការប៉ាន់ស្មានទុកជាមុនថាមានមនុស្សចំនួន 100,000 នាក់នឹងប្រមូលផ្តុំក៏ដោយ៕
មក