កូរ៉េខាងជើងច្រានចោលការអះអាងនៃការដឹកជញ្ជូនសព្វាវុធទៅកាន់រុស្ស៊ី!
កូរ៉េខាងជើងបានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកថា ខ្លួនកំពុងដឹកជញ្ជូនអាវុធដោយសម្ងាត់ទៅឱ្យរុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដោយនិយាយថា ខ្លួនមិនដែលលក់អាវុធឱ្យទីក្រុងមូស្គូ និងមិនមានគម្រោងធ្វើដូច្នេះទេ។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវចំនួនគ្រាប់កាំភ្លើងធំ “ដ៏សំខាន់” ។
លោក Kirby បាននិយាយថា “ប្រទេសកូរ៉េខាងជើងកំពុងព្យាយាមបិទបាំងការនាំចេញតាមរយៈការបញ្ជូនទំនិញទាំងនោះ(សព្វាវុធ) ឆ្លងកាត់ប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងតាមដានដើម្បីមើលថាតើការដឹកជញ្ជូនត្រូវបានទទួលដល់ទីណា”។
យ៉ាងណាមិញ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើងម្នាក់បានហៅការចោទប្រកាន់នេះថាជា “ពាក្យចចាមអារ៉ាម” ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាង “មិនដែលមាន “ការដោះដូរអាវុធ” ជាមួយរុស្ស៊ីទេ ហើយមិនមានផែនការធ្វើដូច្នេះនៅពេលអនាគតនោះដែរ។
មន្ត្រីរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា” យើងចាត់ទុកទង្វើបែបនេះរបស់សហរដ្ឋអាមេរិកថាជាផ្នែកមួយនៃការប៉ុនប៉ងអរិភាពរបស់ខ្លួន ក្នុងការធ្វើឱ្យខូចមុខមាត់របស់កូរ៉េខាងជើងនៅក្នុងឆាកអន្តរជាតិ ដោយហៅ “ដំណោះស្រាយទណ្ឌកម្ម” ខុសច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង៕