មនុស្សប្រាំមួយនាក់បានស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅនេប៉ាល់!
ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៦នាក់ និងជាច្រើននាក់ទៀតរងរបួស និងបំផ្លាញផ្ទះជាច្រើនខ្នងនៅសង្កាត់ ដូទី Doti ភាគពាយ័ព្យ។
ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រហែល ២ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធ (20:15 GMT)។
លោក បូឡា បាតា Bhola Bhatta អគ្គនាយករងប៉ូលីសនៅ Doti បាននិយាយថា កុមារ ៤ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ប្រាំមួយនាក់ និងផ្ទះចំនួន ៨ ខ្នងបានដួលរលំបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារតំបន់ភ្នំភាគខាងលិច។
មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា ការរញ្ជួយដីនេះស្ថិតនៅចំងាយប្រហែល 160 គីឡូម៉ែត្រ (100 ម៉ាយ) ភាគឦសាននៃទីក្រុង Pilibhit ដែលជាទីក្រុងដែលមានប្រជាជនរស់នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌាផងដែរ ហើយបានកើតឡើងនៅជម្រៅ 10 គីឡូម៉ែត្រ។
គួររំលេឹថា ប្រទេសនេប៉ាល់ បានរងនូភាពញាំញីពីគ្រោះធម្មជាតិ ខណៈដែល ប្រទេសនេះនៅតែកំពុងសាងសង់ឡើងវិញបន្ទាប់ពីការរញ្ជួយដីដ៏ធំចំនួនពីរក្នុងឆ្នាំ 2015 បានសម្លាប់មនុស្សជិត ៩០០០ នាក់ បំផ្លាញទីក្រុងទាំងមូល រួមទាំងប្រាសាទដែលមានអាយុកាលរាប់សតវត្ស និងផ្ទះជាង ៨២៤,០០០ និងបណ្តាលឱ្យខូចខាតសេដ្ឋកិច្ចប្រមាណ ៦ ពាន់លានដុល្លារ៕