សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យថៃជួយទិញអង្ករ និងសម្រួលនីតិវិធីនាំចូលកសិផលពីកម្ពុជា ខណៈភាគីទាំង២ ដាក់គោលដៅជំរុញទំហំពាណិជ្ជកម្មឱ្យកើនដល់ ១៥ប៊ីលានដុល្លារ ក្នុងរយៈពេល២ឆ្នាំ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានស្នើឱ្យ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ជួយទិញអង្ករកម្ពុជាបន្ថែមទៀត និងជួយសម្រួលនីតិវិធីនៃការនាំចូលកសិផលកម្ពុជា ឆ្លងកាត់ព្រំដែន ចូលទៅប្រទេសថៃ។
ការស្នើរបស់សម្តេចតេជោ ធ្វើឡើងក្នុងជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។
បន្ថែមលើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ចំពេលនៃបញ្ហាប្រឈមនានា បង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងបានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញបន្ថែមទៀត នូវទំហំនៃការផ្លាស់ប្តូរនេះ ឲ្យកើនដល់គោលដៅចំនួន១៥ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល២ឆ្នាំ។
ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ច ដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ «ស្ពានមិត្តភាព» ឱ្យបានឆាប់ ហើយនិងអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍតំបន់ព្រំដែន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានជួយសម្រួលដល់ពលករ កម្ពុជានៅប្រទេសថៃ ជាពិសេសក្នុងអំឡុងពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានស្នើសមភាគីថៃ ឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៅក្នុងកិច្ចការនេះ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស វិស័យការពារជាតិនិងសន្តិសុខ ទេសចរណ៍ ការតភ្ជាប់ផ្លូវដែក ថាមពលស្អាត ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការឆ្លងដែនខុសច្បាប់ និងការជួញដូរមនុស្ស។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីការផ្លាស់ប្តូរការគាំទ្រគ្នា លើឆាកអន្តរជាតិ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា ក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមនានា ដែលអាស៊ានកំពុងជួបប្រទះ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម ផងដែរ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា បានជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ៕