អាមេរិកនឹងទិញគ្រាប់កាំភ្លើងធំ១០មុឺនគ្រាប់ពីកូរ៉េខាងត្បូងទៅឲ្យអ៊ុយក្រែន សម្រាប់បន្ថែមជំនួយ៤០០លានដុល្លារ!
វ៉ាស៊ីនតោន៖ ប្រភពពីមន្ត្រីអាមេរិកម្នាក់បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្រោងនឹងទិញគ្រាប់កាំភ្លើងធំផលិតដោយកូរ៉េខាងត្បូងចំនួន ១០ម៉ឺនគ្រាប់ សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន ទោះបីជាកូរ៉េខាងត្បូងបានទទូចថា គោលនយោបាយរបស់ខ្លួនប្រឆាំងនឹងការផ្តល់ជំនួយជាអាវុធដ៍សាហាវដល់អ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរ។
កាសែត Wall Street Journal បានរាយការណ៍ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជិតឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទិញគ្រាប់កាំភ្លើងធំទំហំ 155 មីលីម៉ែត្រចំនួន ១០មុឺនគ្រាប់ ដែលនឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។
ជាមួយគ្នានោះ មន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រនេះដែរថា ទីក្រុងវ៉ាស៊ីនតោន ចង់បញ្ជូនគ្រាប់កាំភ្លើងធំរបស់កូរ៉េខាងត្បូងទៅកាន់អ៊ុយក្រែនឲ្យបានលឿនបំផុត។
មន្ត្រីរូបនេះបានបន្តថា មូលនិធិជំនួយផ្នែកសន្តិសុខអ៊ុយក្រែន (USAI) អាចត្រូវបានប្រើប្រាស់ដើម្បីទិញគ្រាប់រំសេវនេះ ប៉ុន្តែវាមិនច្បាស់ថាតើគ្រាប់ផ្លោងនឹងត្រូវដឹកជញ្ជូនឆ្លងកាត់ទឹកដីអាមេរិកឬយ៉ាងណានោះទេ។
ឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីកិច្ចព្រមព្រៀងគ្រាប់រំសេវនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រនេះថា ជំហររបស់ខ្លួនក្នុងការមិនផ្តល់ជំនួយជាប្រភេទអាវុធដ៍សាហាវដល់អ៊ុយក្រែននៅតែមិនផ្លាស់ប្តូរ ហើយការចរចា “សម្ងាត់” របស់ខ្លួនស្តីពីការលក់គ្រាប់កាំភ្លើងធំកំពុងត្រូវបានធ្វើឡើងក្មុងលក្ខ័ណ្ឌសម្រាប់សហរដ្ឋអាមេរិកគឺជាអ្នកប្រើប្រាស់ែប៉ុណ្ណោះ។
(មានន័យថា កូរ៉េខាងត្បូងមិនផ្តល់ជាជំនួយដល់អ៊ុយក្រែនទេ ប៉ុន្តែព្រមលក់ឲ្យអាមេរិក ហើយអាមេរិកយកទៅណាគឺជារឿងរបស់អាមេរិក)។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃសុក្រថារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះលោក លី ជុង ស៊ុប Lee Jong-sup និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ឡយ អូស្ទីន Lloyd Austin បាន “យល់ព្រមជាគោលការណ៍” ដើម្បីបន្តកិច្ចព្រមព្រៀងកាំភ្លើងធំនេះក្នុងអំឡុងពេលកិច្ចពិភាក្សាកាលពីដើមខែនេះ។
គួររំលេឹថា ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក ហ្គឺល Yoon Suk-yeol ធ្លាប់បានបដិសេធកាលពីខែមុនថា ទីក្រុងសេអ៊ូលមិនបានផ្តល់អាវុធដ៍សាហាវណាមួយដល់អ៊ុយក្រែនទេ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាការសម្រេចចិត្តបែបនេះនឹងបំផ្លាញទំនាក់ទំនងទ្វេភាគីរបស់ពួកគេ៕