សម្ដេចក្រឡាហោមៈ អញ្ជើញចូលរួមក្នុងព្រះរាជពិធីលត់ភ្លើងជ័យ ខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា!

0

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រះរាជពិធីលត់ភ្លើងជ័យអបអរសាទរខួបអនុស្សាវរីយ៍ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញចូលរួមថ្វាយព្រះរាជគាវរកិច្ច និងដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនាឱកាសនោះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច ឯកឧត្តម លោកជំទាវជាឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត-រដ្ឋទូត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងចម្រុះ មហាជន និងគណៈយុវជនជាច្រើនរូបទៀត។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចបានយាងប្រទានភ្លើងជ័យនៃព្រះ រាជពិធី អបអរសាទរខួបអនុស្សាវរីយ៍ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឆ្នាំនេះគឺជាខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ។

ទិវានេះគឺជាការរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

Leave A Reply

Your email address will not be published.