លោក Zelenskyy ប្រកាសពីជ័យជំនះលើតំបន់ Kherson បន្ទាប់ពីរុស្ស៊ីបានដកទ័ព!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បាននិយាយថា ទីក្រុង Kherson ភាគខាងត្បូងគឺជា “របស់យើង” បន្ទាប់ពីរុស្ស៊ីបានប្រកាសថាការដកខ្លួនបានបញ្ចប់។
ជាការពិតណាស់ ការដកថយរបស់កងកម្លាំងរុស្ស៊ីពីទីក្រុងភាគខាងត្បូង បានបង្ហាញពីការអន់ថយសម្រាប់ទីក្រុងមូស្គូ ដោយសារ Kherson គឺជារដ្ឋធានីក្នុងតំបន់ដ៏សំខាន់តែមួយគត់របស់អ៊ុយក្រែន ដែលបានធ្លាក់ចូលទៅក្នុងដៃរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។
លោក Zelenskyy បានសរសេរនៅលើ Telegramរបស់លោកថា” ថ្ងៃនេះជាថ្ងៃដែលប្រជាជនរបស់យើងកំពុងយក Kherson មកវិញ”។
“ប្រជាជន Kherson បានរង់ចាំយើង។ ពួកគេមិនដែលបោះបង់អ៊ុយក្រែនទេ” ។ “វានឹងដូចគ្នានៅក្នុងទីក្រុងដែលនៅតែរង់ចាំយើងយកពួកគេត្រឡប់មកវិញ”។
គួរជម្រាបថា ការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន បានកើតឡើងនៅពេលដែលវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីហ្វូងមនុស្សយ៉ាងសប្បាយរីករាយនៃអ្នកស្រុកកំពុងអបអរសាទរនៅតាមផ្លូវ និង ការស្វាគមន៍ទាហានអ៊ុយក្រែននៅពេលពួកគេចូលទៅក្នុងទីក្រុង។ ហើយទង់ជាតិអ៊ុយក្រែន និងសហភាពអឺរ៉ុបក៏អាចត្រូវបានគេមើលឃើញថាត្រូវបានលើកនៅលើវិមានមួយនៅក្នុង ទីក្រុង Kherson ផងដែរ។
មុននេះ អ្នកនាំពាក្យចារកម្មអ៊ុយក្រែន Andriy Yusov បានប្រាប់សារព័ត៌មាន The Associated Press ថា “ប្រតិបត្តិការដើម្បីរំដោះ Kherson” និងតំបន់ជុំវិញកំពុងដំណើរការហើយ។
គួរបញ្ជាក់ថា មុនពេលកងកម្លាំងអ៊ុយក្រែនចូលទីក្រុង Kherson ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងទ័ពរបស់ខ្លួនទាំងអស់ត្រូវបានដកចេញ។ វាបាននិយាយថា កងទ័ពចំនួន ៣មុឺននាក់ ត្រូវបានផ្ទេរឆ្លងកាត់ទៅច្រាំងខាងឆ្វេងនៃទន្លេ Dnipro ដោយមិនបាត់បង់ទាហានម្នាក់ និងបន្សល់ទុក “ឧបករណ៍យោធាតែមួយដុំទេ”។
ទោះជាយ៉ាងណា មន្ត្រីអ៊ុយក្រែនខ្លះបានសម្តែងការងឿងឆ្ងល់ចំពោះសេចក្តីប្រកាសនេះ ហើយបាននិយាយថា វាទំនងជានឹងចំណាយពេលច្រើនថ្ងៃជាងនេះ វាដូចជារហ័សពេក សម្រាប់កងទ័ពរុស្ស៊ីដើម្បីដកថយទាំងស្រុងពី Kherson៕