ផ្ទុះរឿងដៃឡូតិ៍នេសាទខ្នាតយក្សធំៗ៣កន្លែងពូនសំងំលាក់ខ្លួនបានត្រីរាប់សិបតោនក្នុងមួយថ្ងៃៗនៅឃុំបាបោងស្រុកពាមរក៌ខេត្តព្រៃវែង!

0

ព្រៃវែង៖ ប្រជានេសាទនៅភូមិពន្លៃឡ ឃុំបាបោង ស្រុកពាមរក៌ ខេត្តព្រៃវែង ផ្ទុះការតវ៉ា ខណៈដែលដឹងថាអាជ្ញាធរ និងមន្ត្រីទំនាញជលផលឃុបឃិតគ្នាជាមួយឈ្មួញ ឈរកាងវាទទីបង្កើតដៃឡូតិ៍នេសាទធំៗក្នុងព្រែកធម្មជាតិចំនួន បីកន្លែងក្នុងឃុំបាបោង ស្រុកពាមក៌ និងបានហាមផ្ដាច់មិនឲ្យពលរដ្ឋនេសាទនោះឡើយ។

ប្រភពពីពលរដ្ឋបានឲ្យដឹងថា: សព្វថ្ងៃនេះ បងប្អូនប្រជានេសាទ រស់នៅយ៉ាងលំបាក ខណៈដែលលែងបានចុះនេសាទតាមព្រែក ទន្លេស្ទឹង បឹងបួរ ទៀតហើយ ចាប់តាំងពីត្រូវបានគេដាក់ដៃឡូតិ៍នេសាទ សំណាញ់យក្សធំៗ បំបិទចាប់ពីក្បាលព្រែករហូតដល់ចុងព្រែក ស្ទើរតែទាំងអស់ ពោលគឺ ខួបប្រាំងខួបវស្សា ក្នុងឃុំបាបោង។ ធ្វើឱ្យប្រជាពលរដ្ឋដែលតែងតែអាស្រ័យផលលើការនេសាទជាលក្ខណៈគ្រួសារ មិនអាចប្រកបមុខរបរ នេសាទត្រីដើម្បីចិញ្ចឹមជីវិតពួកគេបានទៀតឡើយ ព្រោះអាជ្ញាធរ និងមន្ត្រីជំនាញជលផល បាននឹងកំពុងឃុបឃិតគ្នាជាមួយឈ្មួញធំមានឥទ្ធិពលម្នាក់ដែលអួតអាងថាមានខ្នងបង្អែកជាមន្ត្រីធំ។

ប្រភពបានបន្តថា: បុគ្គលឈ្មោះ ភឿន ហៅគ្រូជ័រ ដែលតាំងខ្លួនថា ជាប្រធានសមាគមនេសាទឃុំបាបោង និងជាម្ចាស់ដៃឡូតិ៍នេសាទ ដែលមានឥទ្ធិពលដ៏ល្បីល្បាញម្នាក់ប្រើអំណាចដើរសំឡុតគំរាមកំហែងធ្វើបាបប្រជាពលរដ្ឋជាអ្នកអាស្រ័យផលនេសាទ និងតែងតែបញ្ជារកូនចៅរបស់ខ្លួនឈរយាមកាមចាំចាប់នរណាដែលនេសាទក្នុងព្រែកដែលខ្លួនដាក់ដៃឡូតិ៍នេសាទយ៉ាងសាហាវព្រៃផ្សៃបំផុត។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ លោក ចៅ នួន មេឃុំបាបោង បានប្រាប់ការពីរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា: ពិតជាមានដៃឡូតិ៍នេសាទធំៗចំនួន ៣កន្លែងក្នុងឃុំបាបោងពិតប្រាកដមែន ប៉ុន្តែដៃឡូតិ៍នេសាទទាំងនោះគឺស្របច្បាប់ ក្រោមការគ្រប់គ្រងរបស់សមាគមនេសាទឃុំបាបោង ដែលចៅហ្វាយខេត្តព្រៃវែងចុះហត្ថលេខាអនុញ្ញាតឲ្យត្រឹមត្រូវ។

នៅពេលសំណួរសួរថា តើបុគ្គលឈ្មោះ ភឿន ហៅគ្រូជ័រ គឺជានរណា មានបុណ្យស័ក្តិអ្វី មានតួនាទីអ្វី? លោកមេឃុំបានឆ្លើយថា: លោក ភឿន ហៅគ្រូជ័រ មិនមានតួនាទីអ្វីទេ លោកគ្រាន់តែជាសមាជិកសមាគមនេសាទឃុំបាបោងម្នាក់ ដែលមានលទ្ធភាព មានលុយ ចូលរួមអភិវឌ្ឍន៍ មិនមែនជាប្រធានសមាគមនោះទេ។ តែផ្ទុយទៅវិញ បុគ្គលរូបនេះ ហាក់មានអំណាចឥទ្ធិពលខុសពីធម្មតា ដែលអាចបញ្ជាអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជលផល ឲ្យចាប់អ្នកនេះឬឃាត់អ្នកនោះ តាមតែទំនើងចិត្ត និងបានយកព្រែកធម្មជាតិរបស់រដ្ឋមកធ្វើជាសម្បត្តិរបស់ខ្លួនទៀតផង។

លោក ចៅ នួន បន្តថា: សមាគមនេសាទឃុំបាបោងនេះគឺមានយូរយាណាស់មកហើយ ដែលបង្កើតឡើងក្នុងគោលបំណង អភិរក្សរាល់ជម្រកមច្ឆាជាតិ កុំឱ្យដាច់ពូជ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជានេសាទគ្រប់រូប។ ប៉ុន្តែវាគឺផ្ទុយស្រឡះ ខណៈដែលព្រៃលិចទឹកដែលជាជម្រកត្រីត្រូវបានកាត់បំផ្លាញសឹងតែអស់ទៅហើយ និងព្រែកធម្មជាតិរបស់រដ្ឋ ហាក់ក្លាយជារបស់ឯកជនកាន់កាប់ដាក់ដៃឡូតិ៍នេសាទខ្នាតយក្សយ៉ាងអានាធិបតេយ្យទៅវិញ។

លោកមេឃុំបានបញ្ជាក់ទៀតថា: ចំពោះការដាក់ដៃឡូតិ៍នេសាទ ខាងលើនេះ (ជាអតីតដៃឡូតិ៍នេសាទលេខ ៤)គឺដើម្បីស្ទាក់ស្តុក ត្រីកុំឲ្យដាច់ពូជ និងការពារពីករណីនេសាទខុសច្បាប់។ រីឯចំណូលបានពីដៃឡូតិ៍ គឺយកមកអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដូចជាការស្ដារព្រែកធ្វើផ្លូវជាដើម។ តែជាក់ស្ដែង យោងតាមពលរដ្ឋ និងមន្ត្រីក្នុងមូលដ្ឋានខ្លះ បានឲ្យដឹងថា គឺគ្មានបានអភិវឌ្ឍន៍អ្វីនោះទេ វាជាការបំភាន់ភ្នែកមហាជន ឃុបឃិតគ្នាជាប្រព័ន្ធតាំងពីថ្នាក់ខេត្តដល់មូលដ្ឋាន ដើម្បីរកប្រយោជន៍បុគ្គលតែប៉ុណ្ណោះ។

ដោយឡែក នៅរសៀលថ្ងៃដដែល សារព័ត៌មាន មិនអាចសុំការបកស្រាយបំភ្លឺពីលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៌ បាននោះទេ ដោយចុចទូរសព្ទចូលជិត២០ ដងហើយគ្មានអ្នកទទួល។

ជាមួយគ្នានោះ លោក អូន សុីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង ក៏មិនអាចសុំការបកស្រាយបំភ្លឺបានដែរ ដោយហេតុផលមិនខុសគ្នាឡើយ។

គួរជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​បទ​បញ្ជា​រំលាយលែង​ឲ្យ​មាន​ដៃឡូត៍​នេសាទ​ទាំងអស់ គឺ​ជា​ការ​រំលាយ​ជា​រៀង​រហូត គ្មាន​ថ្ងៃ​ត្រឡប់​ថយ​ក្រោយ​វិញ​ទេ ដរាប​ណាសម្តេចនៅ​មាន​ជីវិត និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយបុគ្គលណានៅហ៊ានបន្តដាក់ដៃឡូតិ៍នេសាទ នោះគឺជាអំពើខុសច្បាប់។

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ គេឃើញថា នៅតែមានការបន្តដាក់ដៃឡូតិ៍នេសាទខ្នាតយក្សធំៗក្នុងព្រែកធម្មជាតិចំនួន ៣កន្លែង ដូចជា ព្រែកបាឡី ព្រែកបាបោង និងព្រែកបន្ទាយដេក ស្ថិតក្នុងឃុំបាបោង ស្រុកពាមរក៌ ខេត្តព្រៃវែង។ ដោយមានការឈរកាងមើលការខុសត្រូវ យ៉ាងម៉ត់ចត់ ពីសំណាក់ឈ្មួញមានឥទ្ធិពលរួមមាន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជលផល សំងំប្រមូលបានត្រីធម្មជាតិរាប់សិបតោនក្នុងមួយថ្ងៃៗ យកលក់បានលុយចែកគ្នា ក្រោមស្លាកឈ្មោះសមាគមនេសាទ ដែលមានបុគ្គលឈ្មោះ ភឿន ហៅគ្រូជ័រ ជាមេធំ។

អាស្រ័យហេតុនេះ សុំស្នើដល់ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ នៅចំណុចដៃឡូតិ៍នេសាទខាងលើនេះផងទាន ជាពិសេស ឯកឧត្តម ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្មដែលទើបតែងតាំងថ្មី សុំប្រើកណ្ដាប់ដៃដែក ដែលសម្តេចតេជោប្រគល់ឲ្យ មកវះកាត់ដុះក្អែលមន្ត្រីគ្រាប់ល្ពៅមួយក្តាប់តូច ដែលមិនអនុវត្តច្បាប់ គិតតែប្រយោជន៍អាត្មាឯង បែរជាមកឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយនឹងឈ្មួញ ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដែលផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាបំផ្លាញដល់មច្ឆាជាតិ និងប្រជាពលរដ្ឋ ដែលប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវិតនោះ បើពុំដូច្នោះទេ មុខជារលាយរលត់អស់ហើយ៕

 

Leave A Reply

Your email address will not be published.