ឥណ្ឌូណេស៊ី ថា នឹងបិទបញ្ចប់រវាងសង្គ្រាមរុស្សុីនិងអ៊ុយក្រែននៅ G20នេះ!
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ Joko Widodo បានប្រាប់សមាជិក G20 ទាំងអស់ ត្រូវតែប្រឹងប្រែងបិទបញ្ចប់សង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALjazeera នៅថ្ងៃអង្គារនេះ។
លោក វីដូដូ បានធ្វើការកត់សម្គាល់ខាងលើ នាឱកាសថ្លែងសុន្ទរកថាប្រកាសបើកកិច្ចប្រជុំកំពូល G20 ជាផ្លូវការនៅលើកោះបាលី នៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា “ការមានទំនួលខុសត្រូវ មានន័យថា ការបង្កើតស្ថានភាពមួយដែលគ្មានភាគីម្ខាងឈ្នះ ហើយភាគីម្ខាងទៀត ទទួលការខាតបង់”។
លោកបន្តថា “ការមានទំនួលខុសត្រូវនៅទីនេះ ក៏មានន័យដែរថា យើងត្រូវតែបិទបញ្ចប់សង្រ្គាម។ ហើយប្រសិនបើសង្រ្គាមមិនបញ្ចប់ទេ នោះវានឹងធ្វើឱ្យពិភពលោកជួបផលលំបាកក្នុងការរីកចម្រើនទៅមុខ”។
ការលើកឡើងប្រធានាធិបតីឥណ្ឌូណេស៊ី បែបនេះ ដែលទំនងជាចង់សំដៅលើការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ខណៈសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទក្ដៅមួយនៅក្នុងកិច្ចប្រជុំកំពូលនេះ។
គួរជម្រាបថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនបានមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីនោះឡើយ៕