មនុស្ស៥នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅក្លិបរាត្រីស្រឡាញ់ភេទដូចគ្នាក្នុងរដ្ឋ Colorado អាមេរិក!
ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ និង ១៨ នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅក្លឹបរាត្រីស្រលាញ់ភេទដូចគ្នាមួយនៅរដ្ឋ Colorado Springs នៃរដ្ឋ Colorado សហរដ្ឋអាមេរិក។
ប្រធានប៉ូលីស Colorado Springs លោក អែនទ្រាន វ៉ាសឃ្វេស Adrian Vasquez បាននិយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យត្រូវបានគេស្គាល់ថាឈ្មោះ អែនឌឺសុន លី អាលរីច Anderson Lee Aldrich អាយុ ២២ ឆ្នាំ បានប្រើ “កាំភ្លើងវែង” ហើយបានចាប់ផ្តើមបាញ់ភ្លាមៗបន្ទាប់ពីចូលទៅក្នុងក្លឹបរាត្រីមួយនេះ។
ប៉ូលីសបានបន្ថែមថា ជនសង្ស័យត្រូវបានអ្នកនៅក្នុងក្លឹបរត់ទៅវាយតបគ្នាដណ្តើកាំភ្លើងបាន និងបានវាយខ្មាន់កាំភ្លើងរងបួសយ៉ាងដំណំ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ហើយកំពុងត្រូវបានគេព្យាបាលរបួស។
ទោះជាយ៉ាងណា ប៉ូលីសនៅមិនទាន់ផ្តល់ព័ត៌លម្អិតអំពីមូលហេតុនៃការបាញ់ប្រហារនេះទេ។
ទន្ទឹមនិងនោះ ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងនាមជាជនជាតិអាមេរិក “មិនត្រូវអត់ឱនចំពោះការស្អប់”នោះទេ។
សូមជម្រាបថ Q-Club គឺជាក្លឹបសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ដែលមានការច្រៀងរាំរែក ការបង្ហាញ Show និង DJ ផងដែរ។
គួររំលឹកថា ក្នុងឆ្នាំ ២០១៦ មនុស្ស ៥០ នាក់ត្រូវបានសម្លាប់ និង ៥៣ នាក់បានរងរបួសនៅក្នុងការវាយប្រហារមួយនៅក្នុងក្លឹបរាត្រីស្រលាញ់ភេទដូចគ្នាក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលជាការបាញ់ប្រហារដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕