អតីតនាយករដ្ឋមន្ត្រីជប៉ុន ថា លោក Zelensky ខ្លួនឯង កំពុងធ្វើឲ្យប្រជាជនអ៊ុយក្រែន រងទុក្ខវេទនា!

0

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក យូឈីរុ មូរី Yoshiro Mori បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ខ្លួនឯងបានធ្វើឲ្យប្រជាជនក្នុងប្រទេសរបស់លោក “រងទុក្ខវេទនា” ។

លោក Mori បាននិយាយនៅក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍នយោបាយក្នុងទីក្រុងតូក្យូថា “ខ្ញុំ​មិន​យល់​ទេ ហេតុ​អ្វី​បាន​ជា​មាន​តែ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​គេ​រិះ​គន់ ​ខណៈ​​លោក Zelensky វិញ មិន​ត្រូវ​បាន​គេ​យកមកនិយាយ​ទាល់​តែ​សោះនោះ” ។

ទន្ទឹមនោះ លោក Mori ក៏​បាន​ព្រមាន​ដែរថា រុស្ស៊ី​អាចប្រើ​អាវុធ​នុយក្លេអ៊ែរ​ ប្រសិនបើ​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន បើទោះជាលោក ពូទីន បានបញ្ជាក់ជាថ្មីកាលពីខែមុនថា ទីក្រុងមូស្គូនឹងប្រកាន់ខ្ជាប់នូវគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ដែលចែងថា រុស្ស៊ីនឹងប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន តែក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធប្រល័យលោក ឬប្រសិនបើអត្ថិភាពនៃរដ្ឋខ្លួនឯងស្ថិតក្នុងហានិភ័យប៉ុណ្ណោះ ។

ប្រទេសជប៉ុន រួមជាមួយនឹងប្រទេសលោកខាងលិចជាច្រើន បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ខណៈទីក្រុងមូស្គូបានឆ្លើយតបវិញ ដោយការចុះក្នុងបញ្ជីខ្មៅសមាជិកសភាជប៉ុនជាង ៣៨០ និងហាមឃាត់លោក Kishida ក៏ដូចជាសមាជិកគណៈរដ្ឋមន្ត្រីកំពូលផ្សេងទៀតមិនឲ្យចូលប្រទេសរុស្ស៊ីផងដែរ ។

គួរបញ្ជាក់ថា លោក Mori បានធ្វើជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ ២០០០ និង ២០០១ ។ ក្រោយមកគាត់បានដឹកនាំគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងតូក្យូឆ្នាំ ២០២០ ប៉ុន្តែលោកបានលាលែងពីតំណែងជាច្រើនខែ មុនពេលព្រឹត្តិការណ៍នេះបានចាប់ផ្តើម ដោយសារតែរឿងអាស្រូវជុំវិញការលើកឡើងអំពីផ្លូវភេទដែលគាត់បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ ៕

Leave A Reply

Your email address will not be published.