ទាហានអ៊ីស្រាអែលបានបាញ់សម្លាប់សិស្សសាលាប៉ាឡេស្ទីនម្នាក់នៅពេលកំពុងទៅសាលា!
យោងតាមក្រសួង និងអ្នកកាសែតក្នុងស្រុកបានឱ្យដឹងថាសិស្សអនុវិទ្យាល័យប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងជនជាតិប៉ាឡេស្ទីនបួននាក់ផ្សេងទៀតបានរងរបួស ខណៈដែលកំពុងធ្វើដំណើរទៅសាលារៀន អំឡុងពេលការវាយឆ្មក់ដោយកងកម្លាំងអ៊ីស្រាអែល លើទីក្រុង Jenin ភាគខាងលិច និងភាគខាងជើង។
ក្រសួងអប់រំប៉ាឡេស្ទីនបានប្រកាសកាន់ទុក្ខយុវជនដែលបានស្លាប់ ឈ្មោះ al-Saadi អាយុ ១៨ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យ Farhat Hashad Boys នៅទីក្រុងJenin ហើយថាគាត់ត្រូវបានគេសម្លាប់នៅពេលគាត់ទៅសាលារៀន។
យ៉ាងណាមិញ កងទ័ពអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ពិតជាមានការផ្ទុះអាវុធមែត ប៉ុន្តែគឺជាការបាញ់តបត ទៅវិញទៅមក ក្នុងអំឡុងពេលប្រតិបត្តិការមួយដើម្បីចុះចាប់ខ្លួនជនជាតិប៉ាឡេស្ទីនប្រាំបួននាក់។
“វាមិនយុត្តិធម៌ទេ នេះគឺជាការប្រយុទ្ធដោយមានការបាញ់តបតគ្នា ប៉ុន្តែចុងក្រោយលទ្ធផលបែរជាត្រូវឲ្យយើងជាអ្នកទទួលខុសត្រូវទៅវិញ”។
ក្រសួងការបរទេសប៉ាឡេស្ទីនបានពណ៌នាការសម្លាប់នេះថាជា “ការប្រហារជីវិត” និងជា “ឧក្រិដ្ឋកម្មដ៏សាហាវ” ដោយបន្ថែមថាវាគឺជា “ផ្នែកនៃស៊េរីនៃការសម្លាប់រង្គាលប្រចាំថ្ងៃប្រឆាំងនឹងប្រជាជនរបស់យើង ជាមួយនឹងការបិទបាំង និងការបង្ខឹតបង្ខំនៅកម្រិតនយោបាយរបស់អ៊ីស្រាអែល”។
“រដ្ឋាភិបាលអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងដោយផ្ទាល់ចំពោះឧក្រិដ្ឋកម្មនេះ ហើយបានអំពាវនាវឱ្យ សហគមន៍អន្តរជាតិផ្តល់ការការពារអន្តរជាតិសម្រាប់ប្រជាជនរបស់យើង”។
គួររំលេឹថា នោះគឺជាកន្លែងតែមួយដែលអ្នកកាសែត Al Jazeera លោកស្រី Shireen Abu Akleh ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី ១១ ឧសភា ខណៈដែលរងការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែលលើជំរុំជនភៀសខ្លួន Jenin៕