អ៊ុយក្រែន​ទទួល​បាន​អាវុធ​សម័យ​សូវៀត​បន្ថែម​ទៀត​ពី​សមាជិក​ណាតូ!

0

រដ្ឋមន្ត្រីការពារជាតិប្រទេសស្លូវ៉ាគី លោក ចារូស្លេវ ណេត Jaroslav Nad បានប្រកាសថា ស្លូវ៉ាគីបានបញ្ជូនរថយន្តប្រយុទ្ធថ្មើរជើង BMP-1 រាប់សិបគ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការសន្យាផ្តល់គ្រឿងសឹកពីប្រទេសអាល្លឺម៉ង់។

លោក Nad បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសទាំងពីរ ស្លូវ៉ាគី និង អាល្លឺម៉ង់ បានព្រមព្រៀងគ្នាលើការដោះដូរអាវុធនៅរដូវក្តៅ ដោយស្លូវ៉ាគី នឹងទទួលបានរថក្រោះប្រយុទ្ធ Leopard 2A4 ចំនួន 15 គ្រឿង ជាមួយនឹងគ្រាប់រំសេវ គ្រឿងបន្លាស់ និងការហ្វឹកហ្វឺន ជាថ្នូរនឹងការបរិច្ចាគអាវុធសម័យសូវៀតទៅឲ្យអ៊ុយក្រែន។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ឥឡូវនេះប្រទេសស្លូវ៉ាគីបានបំពេញផ្នែកនៃការចរចារបស់ខ្លួន ដែលខ្លួនរំពឹងថារថក្រោះអាល្លឺម៉ង់នឹងចាប់ផ្តើមមកដល់ភ្លាមៗនៅខែក្រោយ ហើយសម្រាប់កិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ចប់ពេញមួយឆ្នាំ 2023។ ហើយរថក្រោះខ្លារខិននឹងជួយពង្រឹងសមត្ថភាពរបស់ស្លូវ៉ាគីយ៉ាងសំខាន់ និងជួយបង្កើតកងពលតូចយន្តធុនធ្ងន់ស្តង់ដាររបស់អង្គការណាតូ។

គួរជម្រាបថា ស្លូវ៉ាគី អតីតប្រទេសឆេកូស្លូវ៉ាគី និងជាអតីតសមាជិកកិច្ចព្រមព្រៀងវ៉ារស្សាវ៉ា ដែលបានចូលរួមជានិងអង្គការណាតូក្នុងឆ្នាំ 2004 មកម្ល៉េះ។ កាលពីខែមេសា ស្លូវ៉ាគីបានផ្តល់ប្រព័ន្ធការពារដែនអាកាស S-300 សម័យសូវៀត ដល់ទីក្រុងគៀវ បន្ទាប់ពីយោធាស្លូវ៉ាគី បានដាក់ពង្រាយមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ដោយមានជំនួយពីកងទ័ពអាល្លឺម៉ង់ និងហូឡង់៕

Leave A Reply

Your email address will not be published.