អតីតប្រមុខណាតូ ថា មិនទាន់ឃើញរុស្ស៊ីប្រើអាវុធថ្មីៗក្នុងសង្គ្រាមលុកលុយអ៊ុយក្រែននៅឡើយទេ!
ជាការពិតណាស់ សង្គ្រាមពាក្យសម្ដីរវាងវាមានក្រេមឡាំងនិងលោកខាងលិច បានបន្តមកជាង 10 ខែទៅហើយ។ មិនថាសារព័ត៌មាន និងការផ្ដល់ជំនួយនោះឡើយ ខណៈដែលសេចក្តីថ្លែងការណ៍ ឆ្លើយឆ្លងមានមិនចេះចប់។
អតីតប្រមុខដឹកនាំអង្គការណាតូលោក អាន់ដឺ ហ្វុក រ៉ាសមូសេន Anders Fogh Rasmussen បាននិយាយថា កងកម្លាំងរុស្ស៊ីមិនទាន់ប្រើអាវុធថ្មីៗនៅឡើយទេ ក្នុងសង្គ្រាមលុកលុយលើអ៊ុយក្រែន ដែលអូសបន្លាយពេលជាង ៩ ខែមកនេះ ។
ថ្លែងក្នុងកិច្ចប្រជុំអង្គការណាតូនៅទីក្រុង Bucharest ប្រទេសរ៉ូម៉ានីក្នុងសប្ដាហ៍នេះ លោក Fogh Rasmussen បានលើកឡើងថា កងទ័ពរុស្ស៊ីកំពុងប្រើអាវុធចាស់ៗ ដែលសេសសល់ពីសម័យសូវៀត វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងនានារបស់អ៊ុយក្រែនតែប៉ុណ្ណោះ។
បច្ចុប្បន្ន អាកាសធាតុនៅអ៊ុយក្រែនកំពុងធ្លាក់ចុះត្រជាក់បណ្ដើរៗហើយ ស្របពេលដែលការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានធ្វើឲ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនី និងទឹកប្រើប្រាស់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Fogh Rasmussen ក៏បានជំរុញឲ្យអង្គការណាតូបង្កើនការបញ្ជូនអាវុធបន្ថែមទៀតទៅឲ្យអ៊ុយក្រែនផងដែរ ។
លោកបានបញ្ជាក់ថា អ៊ុយក្រែនបានបង្ហាញប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់សព្វាវុធដែលខ្លួនបានទទួលរួចហើយ ហើយប្រសិនបើណាតូ និងសម្ព័ន្ធមិត្តបន្តការបញ្ជូនអាវុធបែបនេះទៀត នោះអ៊ុយក្រែនពិតជាអាចឈ្នះសង្គ្រាមមួយនេះប្រឆាំងនឹងកងកម្លាំងយោធារុស្ស៊ី ដែលកំពុងប្រើប្រាស់ឧបករណ៍យោធាសម័យបុរាណ ៕