រុស្ស៊ី បង្ហាញទំហំទឹកប្រាក់ពីការលក់អាវុធទៅទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ!

0

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងពិធីអបអរសាទរខួបលើកទី ១៥ របស់ឧស្សាហកម្មការពារជាតិយក្ស Rostec កាលពីពេលថ្មីៗនេះថា ការលក់អាវុធរបស់រុស្ស៊ីនៅឆ្នាំ ២០២២ នេះមានចំនួន ៨ ពាន់លានដុល្លារ ។

លោក ពូទីន បាននិយាយថា “វាច្បាស់ណាស់នាពេលបច្ចុប្បន្ននេះអាវុធភាគច្រើនគឺប្រើប្រាស់នៅក្នុងប្រទេសសម្រាប់តម្រូវការរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ប៉ុន្តែទោះបីជាស្ថិតក្នុងលក្ខខណ្ឌទាំងនេះក៏ដោយ យើងនៅតែបានលក់សព្វាវុធដែលមានតម្លៃរហូតដល់ ៨ ពាន់លានដុល្លារទៅកាន់ទីផ្សារអាវុធពិភពលោករួចហើយ” ។

ជាមួយគ្នានោះ លោក ពូទីន ក៏បានគូសបញ្ជាក់ដែរថា រុស្ស៊ីពិតជាមានមោទនភាពចំពោះគ្រឿងសព្វាវុធដែលខ្លួនមានពេញមួយប្រវត្តិសាស្ត្រនេះ ។

លោក ពូទីន បានបន្ថែមថា “រុស្ស៊ីតែងតែឈានមុខគេក្នុងវិស័យសំខាន់ៗ ជាពិសេសវិស័យការពារជាតិនេះ ។ យើងមិនត្រឹមតែមានអាវុធល្បឿនលឿនជាងសំឡេងប៉ុណ្ណោះទេ ប៉ុន្តែក៏មានធាតុផ្សំផ្សេងទៀតនៃប្រព័ន្ធប្រដាប់អាវុធរបស់យើងផងដែរ” ។

គួរបញ្ជាក់ថា ការប្រកាសប្រាក់ចំណូលពីការលក់អាវុធរបស់លោក ពូទីន បានកើតឡើង បន្ទាប់ពីមានការចុះផ្សាយថា យោធាអាមេរិកអាចនឹងអស់លុយសម្រាប់ជម្លោះនៅអ៊ុយក្រែន ដោយសារតែគណបក្សសាធារណរដ្ឋកំពុងមានគម្រោងកាត់បន្ថយការអនុម័តពីមន្ទីរបញ្ចកោណសម្រាប់ការផ្ដល់ជំនួយឲ្យអ៊ុយក្រែនដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី ៕

Leave A Reply

Your email address will not be published.