រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ក្រុមហ៊ុនធំៗសហរដ្ឋអាម៉េរិកបង្ហាញឆន្ទៈក្នុងការវិនិយោគ និងនាំចេញកសិផលពីកម្ពុជា
តំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានគោរពជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថា ដោយសារវិបត្តិនានា ដែលបាននិងកំពុងកើតឡើង នៅក្នុងតំបន់និងពិភពលោក សហរដ្ឋអាម៉េរិកក៏ជាប្រទេសមួយ ដែលបានទទួលរងផលប៉ះពាល់ តាមរយៈការហក់ឡើងខ្លាំង នៃថ្លៃទំនិញនៅក្នុងទីផ្សារ ពិសេសគឺផលិតផលចំណីអាហារ និងកសិផល។ កម្ពុជាគឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសគឺសហរដ្ឋអាម៉េរិកតែម្តង ហើយទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះ ជាដើម។
លោកបានបន្តទៀតថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានបង្ហាញឆន្ទះខ្ពស់ ក្នុងការវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យនិងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ឲ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឲ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ។
គួររលឹកផងដែរថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាពេលកន្លងមក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានបញ្ជាក់ច្បាស់ៗអំពីជំហររបស់សហរដ្ឋអាម៉េរិក ក្នុងការចាត់ថ្នាក់តំបន់អាស៊ាន ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះគឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដែលវិនិយោគិននិងពាណិជ្ជករសហរដ្ឋអាម៉េរិក បានសម្លឹងឃើញកាន់តែច្បាស់ ថាកម្ពុជាក៏ជាដៃគូវិនិយោគ-ពាណិជ្ជកម្មដ៏សំខាន់មួយ ហើយនេះក៏ជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់វិនិយោគិន និងពាណិជ្ជករកម្ពុជា ក្នុងការស្វែងរកដៃគូវិនិយោគ និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ផងដែរ៕