លោក ពូទីន ថា រុស្ស៉ី នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់ការឆ្លើយតបតែប៉ុណ្ណោះ!
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការគំរាមកំហែង នៃសង្រ្គាមនុយក្លេអ៊ែរកំពុងកើនឡើង ប៉ុន្តែលោកទទូចថាទីក្រុងមូស្គូនឹងមិន ប្រើប្រាស់អាវុធនុយក្លេអ៊ែរមុននោះទេ ខណៈដែលពិភពលោកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីហានិភ័យនៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ក្រោយទីក្រុងមូស្គូចោទប្រកាន់ សហរដ្ឋអាមេរិកជាអ្នកបង្ហើបមាត់បបួលរុស្សុីលេងនុយក្លេអ៊ែរមុន។
លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធសប្ដាហ៍នេះជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរុស្សុីយ៉ាងដូច្នេះថា “កំហឹងរបស់យើងមានព្រំដែនយើងនឹងមិនខឹងរហូតដល់គ្រប់គ្រងខ្លួនឯងមិនបាននោះទេ។ យើងដឹងច្បាស់ថាអ្វីទៅ ជាអាវុធនុយក្លេអ៊ែរ។ យើងមានអាវុធទំនើបៗជាច្រើនដែលប្រទេសដទៃគ្មាន ប៉ុន្តែយើងនឹងមិនប្រើអាវុធនុយក្លេអ៊ែរមុននោះទេ លុះត្រាតែយើងត្រូវបានវាយប្រហារមុន”។
គួររំលេឹថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានប្រញាប់ប្រញាល់បដិសេធនូវអ្វីដែលខ្លួនបានពិពណ៌នាថាជា “ការរបូតមាត់និយាយ” អំពីអាវុធនុយក្លេអ៊ែរ បន្ទាប់ពីលោក ពូទីន បាននិយាយថា រុស្ស៊ីនឹងប្រើតែអាវុធបរមាណូ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវតែប៉ុណ្ណោះ។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា “គ្មានការនិយាយរបូតមាត់ណាមួយអំពីអាវុធនុយក្លេអ៊ែរនោះទេ”។
គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៉ីក៏អាចនឹងត្រូវប្រយុទ្ធនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន សម្រាប់រយៈពេលវែងផងដែរ ខណៈពន្លឺនៃកិច្ចចរចាស្វែងរកសន្តិភាព បញ្ចប់សង្រ្គាម កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល៕