កម្ពុជាប្តេជ្ញាចំពោះក្លិបឆ្នេរស្អាតបំផុតលើសាកលលោក ខិតខំបង្កើនភាពស្អាតនៅតាមឆ្នេរសមុទ្រ!
សន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រនេះ ធ្វើឱកាសនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ពោលគឺក្នុងឱកាសមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល ថ្ងៃទី៩-១៤ ខែធ្នូ ដោយមានការចូលរួមពីលោក Michel BUJOLD ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ព្រមទាំងគណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ឯកឧត្តម ថោង ខុន បានថ្លែងដូច្នេះថា «ចំណុចមួយដែលយើងខ្ញុំតែងនិយាយទៅកាន់សហការីរបស់ខ្ញុំ នៅតំបន់អង្គរត្រូវខិតខំការពារប្រាសាទអង្គរដែលជាបេតិកភណ្ឌពិភពលោក តែនៅតំបន់ឆ្នេរសមុទ្រ ត្រូវការពារទឹកសមុទ្រមុនគេ បើទឹកសមុទ្រត្រូវបានបំផ្លាញហើយ ត្រូវបានបំពុលហើយ គ្មានទេសចរណាមកលេងសមុទ្រទេ អ៉ីចឹងយើងត្រូវខិតខំឱ្យមានការយល់ដឹងមុនគេថា នៅសមុទ្រត្រូវការពារទឹកសមុទ្រមុនគេ ត្រូវតែសមុទ្រស្អាត ត្រូវតែឆ្នេរស្អាត ហើយត្រូវតែជាទីក្រុងស្អាតដែលមានទឹកហូរចូលសមុទ្រជាទីក្រុងស្អាត»។
ឯកឧត្តមបានបន្ថែមថា ចំពោះបញ្ហាដែលគិតគូរជាចម្បង គឺត្រូវធ្វើយ៉ាងណាឱ្យទឹកដែលហូរចូលសមុទ្រ ត្រូវតែជាទឹកស្អាត ជាពិសេសទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ហើយ ដែលត្រូវធ្លាក់ចូលទៅក្នុងសមុទ្រ ត្រូវតែជាទឹកដែលស្អាត និងត្រូវបានចម្រុះស្អាតជាមុន។ បន្ថែមពីនេះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែបានគាំទ្រ និងផ្តល់អាទិភាពខ្ពស់ដល់រាល់ការអភិវឌ្ឍទាំងឡាយដែល
ទ្រទ្រង់ និងគិតគូរដល់ការអភិរក្សសម្បត្តិធនធានដ៏មានតម្លៃទាំងឡាយ តាមរយៈការដាក់ចេញនូវច្បាប់ និងបទដ្ឋានគតិយុត្តិនានាសម្រាប់ការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សតំបន់ឆេ្នរ ព្រមជាមួយការបង្កើនកិច្ចសហការពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងប្រជាជនមូលដ្ឋាន ដែលជាយន្តការចាំបាច់សម្រាប់ធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចូលរួមដល់ការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ សំដៅឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍបៃតងនៅតំបន់ឆ្នេរសមុទ្រផងដែរ។
ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ខ្ជាប់នូវអប្បមាទខ្ពស់ក្នុងការគ្រប់គ្រង ដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនានា ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ពិសេសរួមចំណែកសម្រេចនូវចក្ខុវិស័យអភិវឌ្ឍតំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា ព្រមជាមួយការអភិវឌ្ឍក្រុងព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង ដោយឈរលើភាពបត់បែន និងអភិក្រមបុរេសកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា កម្ពុជាបានបង្កើននូវកិច្ចខិតខំការពារ និងអភិរក្សនូវធនធានធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត នៅតំបន់ឆ្នេរសមុទ្រយ៉ាងហ្មត់ចត់ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ស័ក្តិសមនឹងអ្វីដែលប្រសិទ្ធនាមថា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» ហើយឆ្នេរសមុទ្រកម្ពុជាក៏ស័ក្តិសមជា «តារារះនាទិសនិរតី»។
ឯកឧត្តមបានបន្ថែមទៀតថា ទាំងនេះជាកិច្ចការចំពោះមុខ ពីព្រោះកម្ពុជា ក៏ដូចជាពិភពលោកអាចនឹងប្រឈមជាមួយបញ្ហាស្មុគស្មាញមួយចំនួន ដែលចាំបាច់ត្រូវពិចារណាដោះស្រាយ ក្នុងនោះមាន ការរៀបចំហេដ្ឋារចនាសម្ពន្ធនៅតាមឆ្នេរ ការសាងសង់នៅតាមបណ្តោយឆ្នេរ លើដីចំណីឆ្នេរ និងតំបន់រណប បញ្ហាសំណល់រឹង និងរាវ ការប្រើប្រាស់ទឹក បញ្ហាថាមពល សកម្មភាពមួយចំនួនដែលអាចប៉ះពាល់ដល់ធនធានក្រោមសមុទ្រ និងការគ្រប់គ្រងលើគ្រប់សេវាដែលពាក់ព័ន្ធ ជាពិសេសការគ្រប់គ្រងសកម្មភាពទេសចរណ៍មួយចំនួន ដែលមិនគោរពតាមបទដ្ឋានបរិស្ថាន និងមិនមានការទទួលខុសត្រូវផងដែរ។
នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និងសមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និងបានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក ពិសេសបានគាំទ្រកម្ពុជាកាន់តំណែងជាអនុប្រធានក្លិបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក២អាណាត្តិជាប់គ្នា និងបន្តជាអគ្គនាយករងក្លិបរហូតមកដល់បច្ចុប្បន្នផងដែរ៕ ដោយ ៖ ទឹង សុភាព (ប្រភព៖ ក្រសួងទេសចរណ៍)