មន្ត្រីជាន់ខ្ពស់នៃក្រសួងទាំង3បង្ហាញថា សៀវភៅជាប្រភពផ្ដល់ចំណេះដឹងដ៏សំខាន់!
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា «៥០ភាគរយនៃចំណេះដឹង របស់ខ្ញុំទទួលបានពីគ្រូ ចំណែកឯចំណេះដឹង៥០ភាគរយទៀតគឺបានមកពីការអានសៀវភៅ»
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីបទពិសោធន៍ផ្ទាល់របស់ឯកឧត្តម ដើម្បីជាទុនដល់សិស្ស និស្សិតដែលបានចូលរួមទស្សនាពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ឆ្នាំ២០២២ឆ្នាំនេះ ដែលបានបើកសម្ពោធជាផ្លូវការក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង” រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៩-១១ខែធ្នូ ឆ្នាំ២០២២ ដែលបានឡើងនៅបណ្ណាល័យជាតិ ។
រីឯលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានលើកឡើងអំពីទស្សនៈមួយចំនួនទាក់ទងទៅនឹងសៀវភៅ ដោយបានគូសបញ្ជាក់ឲ្យដឹងថា «សៀវភៅគឺជាកន្លែងប្រមូលផ្តុំនូវក្បួនខ្នាត ចំណេះដឹង ទស្សនៈវិស័យនានា រាប់ទាំងសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាទាំងអស់ ដែលជាសសទ្រូងរបស់មនុស្សជាតិ»។
សម្រាប់ លោក ហុក សុទ្ធិ តំណាងគណៈកម្មការរៀបចំនៃពិព័រណ៍សៀវភៅវិញ នៅក្នុងឱកាសពិព័រណ៌សៀវភៅនេះ បានអំពាវនាវស្នើសុំឱ្យ ស្តង់លក់សៀវភៅទាំងអស់នៅក្នុងពិព័រណ៍សៀវភៅកម្ពុជាធ្វើការបញ្ចុះតម្លៃជូនមន្ត្រីពន្ធនាគារដែលជាវសៀវភៅសម្រាប់ដាក់នៅក្នុងបណ្ណាល័យពន្ធនាគារ ដើម្បីឱ្យទណ្ឌិតនិងជនជាប់ឃុំទាំងឡាយបានអាននិងក្រេបយកចំណេះដឹង ក្នុងការអភិវឌ្ឍន៍ខ្លួននាពេលអនាគត។
ដោយឡែក លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានយល់ឃើញថា «សៀវភៅល្អគឺជាអ្នកដឹកនាំ និងជាចង្កៀងបំភ្លឺផ្លូវជីវិត ឆ្ពោះទៅរកជីវិតក្សេមក្សាន្តនិងរុងរឿង»។
គួរបញ្ជាក់បន្ថែមផងដែរថា៖ នៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ឆ្នាំ២០២២នេះពោលគឺមានស្តង់ដាក់លក់សៀវភៅប្រមាណជិត២០០ស្តង់បានចូលរួម និងមានសៀវភៅជាច្រើនប្រភេទ និងសម្បូរបែបបានដាក់លក់នៅក្នុងពិធីពិព័រណ៍សៀវភៅកម្ពុជានេះរួមជាមួយនឹងការលក់បញ្ចុះតម្លៃគ្រប់មុខសៀវភៅថែមទៀតផង៕