បណ្ឌិត ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព!
ពិតណាស់ ការសិក្សាគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតដែលក្នុងនេះត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែការប្រឹងប្រែងសិក្សារៀនសូត្រដោយជម្នះការលំបាកអស់រយៈពេលជាច្រើនឆ្នាំ រហូតបានបញ្ចប់ការសិក្សា គឺជាភាពជោគជ័យមួយដ៏សំខាន់នៅក្នុងដំណាក់កាលទាំងនេះ សម្រាប់ការកសាងអនាគតរបស់មនុស្សម្នាក់ៗ។ មួយវិញទៀត នេះក៏ជាមោទកភាពរបស់ឪពុកម្តាយ និងក្រុមគ្រួសារទាំងមូលផងដែរ ខណៈដែលឪពុកម្តាយខ្លះមិនមានឱកាសបានសិក្សារៀនសូត្រ ដោយសារការរស់នៅក្នុងរយៈកាលសង្គ្រាម ហើយក្នុងសម័យសុខសន្តិភាពដូចបច្ចុប្បន្ននេះ លោកបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងទំនុកបម្រុងឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងមានអនាគតល្អត្រចះត្រចង់ ជាក្តីសង្ឃឹមសម្រាប់ពួកគាត់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ មក, រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពចម្បងទាំង៤ «មនុស្ស, ផ្លូវ, ទឹក និងភ្លើង» ដើម្បីដើរឱ្យទាន់គេ និងចូលរួមប្រកួតប្រជែងជាមួយគេបាន។ ការកំណត់អាទិភាពចម្បងនេះ មិនមែនជាការចៃដន្យនោះទេ ពីព្រោះស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា បានវិវដ្តដល់ចំណុចរបត់មួយដែលខុសប្លែកពីស្ថានភាពដៃទទេ កាលពីកម្ពុជាទើបបញ្ចប់សង្រ្គាមស៊ីវិល។ បន្តទៅមុខទៀត កត្តា “មនុស្ស” ក៏នៅតែជាអាទិភាពចម្បងបំផុត ហើយទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ ក៏នៅបន្តកសាងស្តារ ដើម្បីបូករួមផ្សំបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។
ការទទួលបានសញ្ញាបត្រក្នុងថ្ងៃនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងក្នុងដំណើរជីវិត និងបានបង្ហាញនូវមេរៀនគុណតម្លៃមួយចំនួន ដែលអាចយកទៅអនុវត្តទាំងនៅក្នុងការសិក្សា, ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ រួមមានជាអាទិ៍៖ ១. ជោគជ័យធំ គឺកើតចេញពីជោគជ័យតូចៗជាច្រើនរួមផ្គុំគ្នា, ២. ការខិតខំប្រឹងប្រែងព្យាយាមតស៊ូស្វាធ្យាយ គឺជាកត្តាសំខាន់នៃភាពជោគជ័យ, ៣. ការទទួលបានភាគជោគជ័យអាចប្រើពេលវេលាយូរអង្វែង ដូច្នេះទាមទារនូវការអំណត់អត់ធន់, ៤. ការកំណត់គោលដៅច្បាស់លាស់ និងបន្តដំណើរទៅមុខជាប់ជានិច្ច រហូតអាចសម្រេចបាននូវគោលដៅ ទោះបីជាត្រូវប្រឈមនឹងបញ្ហាជាច្រើននៅតាមផ្លូវក៏ដោយ ហើយដោយពេលខ្លះក៏ត្រូវទទួលរងបរាជ័យច្រើនផ្ទួនៗក៏ដោយ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ នូវអនុសាសន៍មួយចំនួន ដូចតទៅ៖ ១. បន្តរៀនសូត្រ ដោយរៀនហើយរៀនទៀត រៀនឥតឈប់ឈរ, ២. បន្តទម្លាប់ជោគជ័យ តាមរយៈការខិតខំបំពេញការងារគ្រប់បែបយ៉ាងដោយយកចិត្តទុកដាក់ធ្វើឱ្យបានល្អហ្មត់ចត់ និងច្បាស់លាស់ មិនថាជាការងារតូច ឬការងារធំ ហើយក៏ត្រូវប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន ដោយត្រូវខិតខំរិះរកវិធីសាស្ត្រដោះស្រាយគ្រប់បញ្ហាឱ្យបានល្អ និងបានឆាប់រហ័ស ទោះក្នុងកាលៈទេសៈណាក៏ដោយ, និង ៣. ត្រូវអភិវឌ្ឍខ្លួនឱ្យស្របជាមួយនឹងដំណើរអភិវឌ្ឍន៍រួមរបស់ស្ថាប័ន, អង្គភាព និងសង្គមជាតិ៕