ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកព្រះស្តេច!
ព្រៃវែង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងគណរដ្ឋបាលខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុក នៅសាលប្រជុំសាលាស្រុកព្រះស្តេច ។
ក្នុងពិធីនេះផងដែរ ក៏មានការអញ្ចើញចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត-ស្រុក អភិបាល អភិបាលរងខេត្ត-ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងមន្ត្រីរាជការបានអញ្ជើញចូលរួមផងដែរ ។
ត្រូវបានប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលស្រុកព្រះស្តេចចំនួន ២រូបបន្ថែម និងប្រកាសផ្ទេរភារកិច្ច មានដូចខាងក្រោម ៖
១-លោក ចាប សុីនីម ជាអភិបាលរង នៃគណៈអភិបាលស្រុកព្រះស្តេច។
២-លោក លឹម គីមឡុង ជាអភិបាលរង នៃគណៈអភិបាលស្រុកព្រះស្តេច។
ក្រោយពីបានស្តាប់មតិប្តេជ្ញាចិត្ត របស់លោកអភិបាលរងស្រុកព្រះស្តេចថ្មីទាំងពីរូប ដែលត្រូវប្រកាសចូលកាន់តំណែង ក្នុងឱកាសនោះ ឯកឧត្តម អន ភារៈអភិបាលរងខេត្ត បានមានប្រសាសន៍អបអរសាទរចំពោះលោក ចាប សុីនីម និងលោក លឹម គីមឡុង ដែលត្រូវតែងតាំងជាអភិបាលរងស្រុកព្រះស្តេច។ ឯកឧត្តមអភិបាលរងខេត្ត បានគូសរំលេចនូវសមិទ្ធផលថ្មីៗសម្រេចបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ការប្រយុទ្ធប្រឆាំងដោយជោគជ័យនូវការរាតត្បាតជំងឺកូវីដ ១៩ ការរក្សានូវសន្តិភាព ស្ថេរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារបានយ៉ាងគត់មុតនូវបូរណភាពទឹកដី ។
ជាចុងក្រោយ ឯកឧត្តម អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក៏បានណែនាំដល់លោកអភិបាលរង ចំនួន២រូបដែលទើបប្រកាសចូលកាន់តំណែងនៅពេលនេះ ត្រូវអនុវត្តឲ្យមានប្រសិទ្ធិភាពគោលការណ៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងការពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់ល្អប្រសើរបន្ថែមទៀត៕