សម្ដេចតេជោ ហ៊ុន សែន កោតសរសើរអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងអស់ដែលគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងផ្សព្វផ្សាយពីព្រឹត្តិការណ៍សំខាន់ៗដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ!

0

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានទាំងអស់ ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយផ្ដល់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លង និងការចម្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍បានជោគជ័យយ៉ាងធំធេងជាបន្ដបន្ទាប់នាពេលកន្លងមក។

ក្នុងសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចតេជោ ហ៊ុន សែន បានអះះអាងថា តាមរយៈការចូលរួមនេះហើយ ផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពបើកប្រទេសឡើងវិញ និងដាក់ឲ្យដំណើរការលើគ្រប់វិស័យដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានដំណើរការល្អ។

ក្រៅពីមានការឱកាសបើកប្រទេសឡើងវិញហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការទប់ស្កាត់បានការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ ធ្វើឲ្យកម្ពុជាមានលទ្ធភាពរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានទទួលជោគជ័យយ៉ាងធំធេងដែលធ្វើឲ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

មួយវិញទៀត សម្ដេចតេជោនាយករដ្ឋមន្ដ្រី សូមវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានដែលបានខិតខំប្រឹងប្រែងក្នុងការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសបានដឹង និងស្វែងយល់នូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបបញ្ចប់នាពេលថ្មីៗកន្លងមកនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ដែលកម្ពុជាសម្រេចបាន។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សមិទ្ធផលដ៏ធំធេង និងជាប្រវត្តិសាស្ត្រនេះ បានបង្ហាញពីកិច្ចសហការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័ន និងបងប្អូនអ្នកសារព័ត៌មាន ដែលបានពុះពារជំនះរាល់ឧបសគ្គចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយនឹងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបានទូលំទូលាយ និងទាន់សភាពការណ៍ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរបស់យើងទទួលរងនូវផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចពីវិបត្តិនយោបាយសកល ក៏ដូចជាវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមកោតសរសើរចំពោះអង្គភាពសារព័ត៌មាន សមាគម និងក្លិបអ្នកកាសែតកម្ពុជា ដែលបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសារព័ត៌មាន ពង្រឹងសមត្ថភាពយល់ដឹង និងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាអក្ខរកម្មបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងព័ត៌មាន ដើម្បីបង្កើនសមត្ថភាពយល់ដឹងផ្នែកក្រមសីលធម៌ វិជ្ជាជីវៈ និងមានសុចរិតភាពក្នុងការបំពេញការងារ ព្រមទាំងបង្កើនសមត្ថភាពផ្នែកបច្ចេកទេស ដើម្បីដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន៕

Leave A Reply

Your email address will not be published.