ផ្ទុះហឹង្សាក្នុងទីក្រុងប៉ារីស ខណៈអាហ្សង់ទីនឈ្នះ World Cup២០២២!
កាលពីថ្ងៃអាទិត្យយប់មិញនេះ ប៉ូលីសក្រុងប៉ារីស និងអ្នកគាំទ្របាល់ទាត់បារាំងបានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ខណៈដែលក្រុមជម្រើសជាតិបារាំងបានរងបរាជ័យក្រោមស្នាដៃក្រុមអាហ្សង់ទីនក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។
កម្លាំងមន្ត្រីប៉ូលីសជាច្រើន ត្រូវបានដាក់ពង្រាយដើម្បីបំបែកហ្វូងហ្វូងមនុស្សនៅវិថី Champs Elysees កណ្តាលទីក្រុងប៉ារីសបន្ទាប់ពីការប្រកួតចុងក្រោយបានបញ្ចប់។
សារព័ត៌មាន Le Parisien បានរាយការណ៍ថា មួយម៉ោងក្រោយចប់ការប្រកួត ប៉ូលីសបានចាប់ខ្លួនមនុស្សប្រហែល១០នាក់ ជុំវិញកុបកម្ម បន្ទាប់ពីការប្រកួតចុងក្រោយ។
គួរជម្រាបថា យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំងបានឱ្យដឹងថា ប៉ូលីសត្រូវបានដាក់ពង្រាយចំនួន ២.៧០០នាក់នៅទីក្រុងប៉ារីស មុនពេលការប្រកួតនេះ ក្នុងការប្រមើលមើលពីភាពចលាចលដែលអាចកើតមាន។ ខណៈដែលហឹង្សា បានផ្ទុះឡើងម្តងរួចមកហើយ បន្ទាប់ពីបារាំងបានយកឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup លើប្រទេសម៉ារ៉ុកកាលពីសប្តាហ៍មុន។
ទោះជាយ៉ាងណា នៅមិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរបួសនៅឡើយទេ៕