សម្ដេចតេជោ ហ៊ុន សែន៖ ការទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិត ជាសក្ខីកម្ម នៃភាពជោគជ័យ តាមគោលនយោបាយ ឈ្នះ-ឈ្នះ!

0

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា ក្នុងពេលសម្ដេច ទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំពិភព លោកនាពេលនេះ គឺជាសក្ខីកម្ម នៃភាពជោគជ័យដ៏ត្រចះត្រង នៃការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសតាមរយៈការអនុវត្ត «គោល នយោបាយឈ្នះ-ឈ្នះ ។

នាឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើម» ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ដ្រ សម្រាប់អាស៊ីហ្វិក (KSI) ស្ដីពី «ការ បង្កើតទំនាក់ទំនង អាស៊ាន-ចិន» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការ នៃវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែលបានទទួលស្គាល់នូវស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្ដេច ក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លងទៅនេះ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ថា «ការទទួល បាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការអនុវត្ត «គោលនយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមក នូវការបង្រួបបង្រួមជាតិ, សន្តិភាព និងស្ថិរភាព នយោបាយ ។ សម្តេចតេជោបន្តថា ការណ៍នេះ បានក្លាយជាចលករ និង ចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានក្នុងអត្រា ៧ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥ និងកំពុងបោះជំហានឆ្ពោះ ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។

សម្ដេចតេជោរៀបរាប់ថា ចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ១៩៩៩ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយដែលបានធ្វើសមាហរណកម្មយ៉ាងសកម្ម ទៅក្នុងតំបន់ និងពិភពលោក បានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរ ជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក។

សម្ដេចតេជោបានលើកឡើងថា សម្រាប់ឆ្នាំ២០២២ កម្ពុជាបានទទួលជាប្រធានអាស៊ានប្ដូរវេន ជាលើកទី៣ ស្របពេលតំបន់ និងសកលលោកកំពុងប្រឈម នឹងសម្ពាធពីគ្រប់ទិសទី រួមមាន ៖ ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាម, ជំងឺកូវីដ-១៩, វិបត្តិស្បៀង អាហារ និងថាមពល, និងការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក ក៏ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្តី, កម្ពុជាបានដឹកនាំនាវាអាស៊ាន ប្រកបដោយ ជោគជ័យ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហា ប្រឈមទាំងអស់គ្នា» ដែលបានឆ្លុះបញ្ចាំង អំពីការយកចិត្តទុក ដាក់លើរបៀបវារៈ សម្រាប់សន្តិភាព និង កិច្ចសហប្រតិបត្តិការ និងការព្យាយាម ប្រមូលនូវកិច្ចខិតខំប្រឹង ប្រែងរួម ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាចធំៗ, បណ្ដុះទំនាក់ទំនងមិត្តភាព, ពង្រីក កិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងសង្គម និងសេដ្ឋកិច្ច, កសាងទំនុកចិត្តជាមួយប្រទេសដៃគូ, និង ជាពិសេស ដើម្បីជំរុញ សមាហរណកម្មតំបន់ និងសម្រេចឱ្យបាននូវ «ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥»

សម្ដេចតេជោបន្ដថា ជាក់ស្ដែងកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យ នៅឆ្នាំ២០០២, ២០១២ និង ២០២២ គឺជាមោទកភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែល បង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែក ដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់។

សូមជម្រាបថា ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា៕

Leave A Reply

Your email address will not be published.