ផ្អើលហ្វេសប៊ុក ម្ចាស់រថយន្តថា នគរបាលចរាចរណ៍ខេត្តកំពង់ចាម ១០ នាក់ចង់កៀបគាត់សុីអត់បាន,ចំណែកខាងនគរបាលចរាចរណ៍ថា មិនមែនទេគឺការអនុវត្តច្បាប់ និងកំពុងស្វែងរកម្ចាស់ហ្វេសប៊ុក!
ផ្អើលហ្វេសប៊ុក ម្ចាស់រថយន្តថា នគរបាលចរាចរណ៍ខេត្តកំពង់ចាម ១០ នាក់ចង់កៀបគាត់សុីអត់បាន,ចំណែកខាងនគរបាលចរាចរណ៍ថា មិនមែនទេគឺការអនុវត្តច្បាប់ និងកំពុងស្វែងរកម្ចាស់ហ្វេសប៊ុក!
ខេត្តកំពង់ចាម ៖ គណនីហ្វេសប៊ុកមួយចោទប្រកាន់ថា ប៉ូលិសចរាចរណ៍ខេត្តកំពង់ចាមជិត ១០នាក់ កៀបខ្ញុំអត់បាន,ខណៈក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមឆ្លើយថាម្ចាស់គណនីហ្វេសប៊ុកធ្វើខុសហើយចោទប្រកាន់មន្រ្តីអនុវត្តច្បាប់!
ដើម្បីជ្រាបច្បាស់អង្គភាពសារព័ត៌មានយើងខ្ញុំសូមលើកយកនូវខ្លឹមសារដើមទាំងស្រុងអោយបានជ្រាបទាំងអស់គ្នា៖
“ខេត្តកំពង់ចាម ហួសស្គន់តិច (រឿងអយុតិធម៌ ខ្ញុំជួបមិញៗ)
ខ្ញុំបើកឡានល្បឿន30km/h ល្បឿនកំណត់60km/h ខាងប៉ូលិសចរាចរណ៍ថត ល្បឿនឡានខ្ញុំបង្ហាញភស្តុតាងថា
ខ្ញុំបើកបរល្បឿន86km/h (ខ្ញុំឆ្ងល់ អត់យល់ ហើយខ្ញុំក៏តវ៉ មិនជឿលើភស្តុតាង ដែលប៉ូលិសថតបង្ហាញទេ )ឈ្លោះប្រកែកគ្នា ខ្លាំង សម្តីពួកគាត់កាចៗណាស់ ហាមាត់ ច្បាប់ បិតមាត់ច្បាប់ សួររកប័ណ្ណបើកបរ ឯកសារផ្សេងៗ ដូចខ្ញុំអ្នកទោស ? ខាងប៉ូលិសចរាចរណ៍ អោយខ្ញុំបង់លុយ 15មឿនរៀល និង ខ្ញុំមិនព្រមដាចខាត់ ខ្ញុំខលទៅវិទ្យុABC និយាយរឿងនេះភ្លាមគ្រួសារខ្ញុំ ចូលក្នុងឡានឆែកកាំមេរ៉ា សុវត្ថិភាព ពិនិត្យ ជាក់ស្ដែង ស្រាប់តែ ខាងប៉ូលិសចរាចរណ៍ថា ទៅចុះ អត់ខុសអីទេទៅ បាន អត់ផាកពិន័យទេ ទៅៗ ចប់រឿង យីស?
ប៉ូលិសចរាចរណ៍ជិត10នាក់ កៀបខ្ញុំអត់បាន
មានប្រជាជនរងគ្រោះ និង ជួបរឿងអយុត្តិធម៌ បែបនេះ ច្រើនណាស់ តែ គ្មានភស្តុតាងដើម្បីតវ៉ាទេ ព្រោះទីតាំង ដែលផាកពិន័យ ហាមថតរូប ហាមថតសម្លេង តើប្រជាជន
ស្លូតត្រង់ មានភស្តុតាងអ៊ី ដើម្បីតតាំង ? នេះខ្ញុំខ្លាំង ដាច់អហង្ការ ម៉ឹងម៉ាត់ និង មិនខ្លាចនិងតតាំង ខ្ញុំមិន ខុសរួចពីក្រញាំបីសាចជញ្ជក់ឈាម
ខ្ញុំសរសេរ post បែបនេះ អាចប្រឈមនិងរឿងផ្សេងទៀត តែខ្ញុំ អត់ខ្លាចទេ ជារឿងពិតដែលខ្ញុំជួប ហើយវាជារឿង អយុត្តិធម៌សម្រាប់ខ្ញុំ
(រាជនី ធីតាសួគ៌)
_______________________________
#សេចក្ដីបំភ្លឺព័ត៌មាន
ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ជ្រាបថា : យោងតាមប្រភព នៃការចុះផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “រាជនី ធីតាសួគ៌“ ពាក់ព័ន្ធនឹងការបេីកបរលេីសល្បឿនកំណត់ ហេីយកម្លាំងនគរបាលចរាចរណ៍ឃាត់រថយន្ដ ដេីម្បីធ្វេីការអប់រំណែនាំ និងផាកពិន័យ ។
អំពីអង្គហេតុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១២ និង២២នាទី នៅចំណុចគោលដៅឈរជេីងរបស់កម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលចរាចរណ៍ស្រុកព្រៃឈរ ចុះអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចស្ថិតនៅក្នុងភូមិត្រពាំងធំឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញនគរបាលចរាចរណ៍ បានឃាត់រថយន្ត០១គ្រឿង ម៉ាកកាម៉ារី ហាយព្រីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z-3553 ពាក់ព័ន្ធបើកបរល្មេីសល្បឿនកំណត់ ៨៦គីឡូម៉ែត្រក្នុងមួយម៉ោង ។ ពេលនោះអ្នករួមដំណើរក្នុងរថយន្តខាងលើ បានចុះពីលេីរថយន្ដមកដល់កន្លែងតុផាកពិន័យជួបជាមួយមន្រ្ដីនគរបាលចរាចរណ៍យើងខ្ញុំ តែបុគ្គលនោះមិនបានទទួលកំហុសឡេីយ ដោយនិយាយជាមួយសមត្ថកិច្ចថា រថយន្ដខ្លួនបេីកបរក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ។ បន្ទាប់មកមន្រ្ដីនគរបាលចរាចរណ៍ក៏បានបង្ហាញរូបភាពល្មើសនឹងល្បឿនកំណត់ទៅអ្នករួមដំណេីរនោះ និងបានហៅអ្នកបេីកបរមកជួប និងបង្ហាញរូបភាពល្មេីស (អ្នកបេីកបរនោះ បានចុះមក តែមិនបានប្រកែកតវាទេ) ។ ពេលនោះមន្រ្តីនគរបាលជំនាញយើងខ្ញុំ ក៏បានធ្វើការអប់រំណែនាំដោយផ្ទាល់មាត់អំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទៅកាន់អ្នកបេីកបរ រួចហើយក៏អនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ដោយមិនមានការផាកពិន័យឡេីយ ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញ បាននឹងកំពុងធ្វេីការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុករូបនេះ ដេីម្បីកោះអញ្ជេីញមកធ្វេីការសាកសួរបំភ្លឺ ជុំវិញករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមលេីគណនីហ្វេសប៊ុករបស់គាត់ បេីរកឃេីញថា បុគ្គលម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះខាងលេីនោះបានប្រព្រឹត្តខុសហេីយចោទប្រកាន់មកលេីមន្រ្តីអនុវត្តច្បាប់ ដែលជាចេតនាទុច្ចរិត ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់មន្រ្តីនគរបាលជាតិ ពិសេសមន្ត្រីអនុវត្តច្បាប់ យេីងខ្ញុំនឹងអនុវត្តតាមនីតិវិធីច្បាប់ ៕
ពាក់ព័ន្ធនិងករណីនេះ ភ្ងាក់យើងមិនអាចសុំការការបកស្រាយលំអិតបន្ថែមពី លោក អឿ សុភានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទេដោយទូរស័ព្ទចូលពុំមានអ្នកលើកទទួល៕