តម្លៃស្វាយកែវរមៀត ធ្លាក់ថ្លៃខ្លាំងស្ទើដល់កម្រិតសូន្យ ១៥០៛ក្នុង១គីឡូក្រាម ខណៈជីនិងថ្នាំកសិកម្មបន្តឡើងថ្លៃហួសហេតុ

0

 

(ព្រះវិហារ) ៖ តម្លៃផ្លែស្វាយកែវរមៀតធ្លាក់ថ្លៃខ្លាំងធ្វើអោយកសិករម្ចាស់ចំការមួយចំនួនចង់ស្រក់ឈាមតាមទឹកភ្នែក (១គីឡូតម្លៃ១៥០៛) រីឯចំណែកជីនិងថ្នាំកសិកម្មនៅតែបន្តឡើងថ្លៃទៅៗ លោក លឹម ចន្ឋា អាយុ ៥៨ឆ្នាំ ជាកសិករដាំស្វាយកែវរមៀត នៅភូមិប៉ាលហាល ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានអោយអ្នកព័ត៌មានដឹងថា ជាងមួយខែហើយ ដែលតម្លៃស្វាយរបស់លោក ធ្លាក់សល់ត្រឹម ១៥០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ។

កសិករដាំស្វាយកែវរមៀត បាននាំគ្នាត្អូញត្អែររឿងលក់ស្វាយមិនចំណេញ មិនរួចថ្លៃដើមដែលពួកគេចំណាយ ខណៈតម្លៃស្វាយបានធ្លាក់ចុះរហូតដល់ ១៥០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែជី និងថ្នាំកសិកម្មនៅតែបន្តឡើងថ្លៃហួសប្រមាណ ។
កាលពីដើមឆ្នាំ ២០២២ តម្លៃស្វាយមិនធ្លាក់ខ្លាំងដូច្នេះទេ យ៉ាងហោចណាស់ ក៏អាចលក់បានតម្លៃចន្លោះពី ៣០០រៀល ទៅ ៥០០រៀល ក្នុងមួយគីឡូក្រាមដែរ ។ ប៉ុន្តែបច្ចុប្បន្ន តម្លៃស្វាយកែវរមៀតធ្លាក់ខ្លាំងមែនទែនរហូតដល់ ១៥០រៀល ក្នុងមួយគីឡូក្រាម ហើយមិនដឹងថានឹងធ្លាក់ទៀតអត់ផង បើគ្មានឈ្មួញទិញផងហ្នឹង ដល់អញ្ចឹងយើងមិនដឹងគិតម៉េច ស្វាយសល់ពេញចម្ការ ។

កសិករដដែលបន្ថែមទៀតថា បើជី និងថ្នាំកសិកម្ម នៅតែបន្តឡើងថ្លៃហួសហេតុ ដូច្នេះ កសិករដូចលោកគ្មានសង្ឃឹមឡើយ ព្រោះបច្ចុប្បន្នចម្ការស្វាយជាង ២ពាន់ដើមរបស់លោក នៅសល់ស្វាយមិនទាន់បេះជាង ១០០តោន ដែលធ្វើឱ្យលោកបារម្ភខ្លាចគ្មានអ្នកទិញ និងតម្លៃកាន់តែធ្លាក់ទាប ជាពិសេសអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ។

ចំណែក កសិករដាំស្វាយម្នាក់ទៀត ក៏បានលើកឡើងមិនខុសពីលោក លឹម ចន្ឋា ឡើយ ។ លោកបញ្ជាក់បន្ថែមថា ខាតអស់ទន់ច្រើនណាស់ ក្រោយប្រមូលផលស្វាយជាង ១០០តោន ខណៈលក់ចេញបានតម្លៃថោកពេក ។ ចំពោះ តម្លៃជី និងថ្នាំកសិកម្ម នៅតែបន្តឡើងថ្លៃដល់ជាង ១០ម៉ឺនរៀល ប៉ុន្តែទិន្នផលដំណាំ បែរជាកាន់តែធ្លាក់ចុះ ធ្វើឱ្យកសិករដូចលោកប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងអស់សង្ឃឹម ចំពោះការងារកសិកម្មរបស់ខ្លួន ហើយក៏កំពុងពិចារណា ដាំដុះស្វាយរដូវកាលក្រោយផងដែរ ។

ជាមួយគ្នានេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា តម្លៃស្វាយកែវរមៀតធ្លាក់ថ្លៃសល់ត្រឹម ១៥០-២០០រៀល ក្នុងមួយគីឡូក្រាម ។

ទីផ្សាររបស់យើង គឺនាំទៅចិន ថៃ និងវៀតណាម ដល់ឥឡូវគេផ្ទុះកូវីដ-១៩ គេបិទការនាំចូលរបស់យើងហើយ ទើបយើងស្ទះទីផ្សារ តម្លៃក៏បានថោក ។ កសិករមិនដឹងសង្ឃឹមអីទៀតទេ ។

លោកបានអំពាវនាវដល់អាជ្ញាធរ និងក្រសួងកសិកម្ម មេត្តាជួយរកដំណោះស្រាយជូនកសិករ ទាំងតម្លៃ និងទីផ្សារផងដែរ ៕

Leave A Reply

Your email address will not be published.