សហព័ន្ធបាល់ទាត់បារាំង ថ្កោលទោសការរើសអើងជាតិសាសន៍ លើកីឡាករ ក្រោយចាញ់ World Cup!
សហព័ន្ធបាល់ទាត់បារាំង (FFF) បានថ្កោលទោស ចំពោះការរើសអើងជាតិសាសន៍ តាមប្រព័ន្ធអនឡាញដោយផ្ទាល់ ចំពោះក្រុមកីឡាកររបស់ខ្លួន ហើយប្តេជ្ញានឹងចាត់វិធានការ បន្ទាប់ពីពួកគេបានរងការរើសអើង ដោយសារក្រុមបានចាញ់អាហ្សង់ទីន ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីថ្ងៃអាទិត្យនៅប្រទេសកាតា។
សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធបារាំង Kingsley Coman និងខ្សែបម្រើ Aurelien Tchouameni គឺជាប្រធានបទ ចំពោះការរើសអើងជាតិសាសន៍តាមអនឡាញ បន្ទាប់ពីពួកគេស៊ុតបាល់ប៉េណាល់ទីមិនចូលទី ក្នុងវគ្គផ្តាច់ព្រ័ត្រ។
សហព័ន្ធបាល់ទាត់បារាំង FFF បានសរសេរលើ Twitter ថា«បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ World Cup កីឡាករមួយចំនួននៃក្រុមជម្រើសជាតិបារាំង បានក្លាយជាប្រធានបទនៃការរើសអើងជាតិសាសន៍ និងការលើកឡើងដោយភាពស្អប់ ដែលមិនអាចទទួលយកបានលើប្រព័ន្ធសង្គម» ។
«FFF បានថ្កោលទោសពួកគេ ហើយនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹងការលើកឡើងរបស់ពួកគេ»។
គួររំលឹកថា បារាំងបានត្រឹមស្មើ ៣-៣ ជាមួយអាហ្សង់ទីន
ក្នុងម៉ោងពេញ៩០នាទី និងម៉ោងបន្ថែម១៥នាទីទៀត រហូតត្រូវបានកាត់សេចក្តីដោយ បាល់ប៉េណាល់ទី ក្នុងលទ្ធផល ៤-២ ខណៈដែលអ្នកចាំទីអាហ្សង់ទីន Emiliano Martinez បានសង្គ្រោះបាល់របស់ Coman ខណៈ Tchouameni បានស៊ុតខុសទីធ្វើឲ្យបារាំងបរាជ័យ ក្នុងការរក្សាពានរង្វាន់ដែលពួកគេបានឈ្នះ កាលពីឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី៕