លោក Zelenskyy ធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅអាមេរិក!
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ទៅកាន់សេតវិមាន ដោយទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា ខ្លួននឹងផ្ទេរប្រព័ន្ធខែលការពារដែនអាកាស Patriot ទៅឱ្យអ៊ុយក្រែន ជាផ្នែកនៃកញ្ចប់ជំនួយយោធាចំនួន 1.85 ពាន់លានដុល្លារ។
ការមកដល់របស់លោក Zelenskyy នៅទីក្រុង Washington, DC កាលពីថ្ងៃពុធ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីនៅខាងក្រៅអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសក្នុងខែកុម្ភៈ។
នៅក្នុងសុន្ទរកថាខ្លីនៅការិយាល័យ Oval លោក Zelenskyy បានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាល និងសាធារណៈជនអាមេរិក។ គាត់បានប្រាប់ប្រធានាធិបតីអាមេរិកថា “សូមអរគុណជាដំបូង” “វាជាកិត្តិយសណាស់ដែលបានមកទីនេះ”។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនោះ លោក Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនឱ្យប្រើប្រាស់ឃ្លាំងអាវុធ Patriot ដែលនឹង “ត្រូវការពេលវេលា” ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រព័ន្ធនេះនឹងក្លាយជា “ទ្រព្យសកម្មសំខាន់សម្រាប់អ៊ុយក្រែន ព្រោះវាការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី”។
លោក Biden បានបន្ថែមថា លោកមានអារម្មណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនមានចេតនា «បញ្ឈប់សង្គ្រាមដ៏ឃោរឃៅនេះទេ»។ ប្រធានាធិបតីអាមេរិកបាននិយាយថា ទាំងគាត់ និង Zelenskyy ចង់ឱ្យជម្លោះបញ្ចប់ក្រោមចក្ខុវិស័យនៃ “អ៊ុយក្រែនសេរី ឯករាជ្យ វិបុលភាព និងសុវត្ថិភាព”។
ជាមួយគ្នានោះ លោក Zelenskyy បានសាទរចំពោះជំនួយរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ប្រព័ន្ធការពារដែនអាកាសថ្មីនឹងជួយរារាំងរុស្ស៊ីពីការទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។
គួរជម្រាបថា កាំជ្រួច Patriot គឺជាផ្នែកមួយនៃប្រព័ន្ធការពារពីដីទៅអាកាសដ៏ទំនើបដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីល យន្តហោះ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ នេះជាលើកទីមួយហើយដែលអាមេរិកផ្ទេរអាវុធ Patriot ទៅឲ្យអ៊ុយក្រែន៕