ឯកឧត្តមស សុខាអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាប៊ូលនិងប៉េតង់ពានរង្វាន់គរុគុណលើកទី២ឆ្នាំ២០២២
បើតាមរបាយការណ៍ដែលអានដោយឯកឧត្តម អ៊ិន គឹមស្រ៊ុនតំណាងគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ចាប់តាំងពីអាណត្តិដែលឯកឧត្តម ស សុខា បានគ្រប់គ្រង ពោលគឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា មានការរីកចម្រើនខ្លាំងគួរឱ្យកក់សម្គាល់ ។ ក្នុងនោះគ្រូបង្វឹកទាំងអស់ទទួលបានការបណ្ដុះបណ្ដាល និងយកចិត្តទុកដាក់ខ្លាំង។ ចំពោះកីឡាករ កីឡាការិនីវិញទទួលបានការឧបត្ថម្ភថវិកាពីឯកឧត្តម ស សុខា ផ្ទាល់ក្នុងពេលប្រកួតម្តងៗ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ របាយការណ៍ដដែល បញ្ជាក់ថាការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នេះ មានការចូលរួមរហូតទៅដល់ ៦៣ក្លិបស្មើនឹង ១១ស្ថាប័ន ក្នុងនោះមានគណៈប្រតិភូកីឡា ១០០នាក់ និងអត្តពលិក៣៥០នាក់ ដែលជាចំនួនមួយមិនធ្លាប់មានពីមុនមក។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ពានរង្វាន់គរគុណនេះគឺទទួលបានការឧបត្ថម្ភពីសំណាក់ក្រុមគ្រួសារសម្ដេចទាំងទ្វេ គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលបញ្ញា សុខ អាន និងក្រុមការងារ បានសម្របសម្រួលរៀបចំប្រព្រឹត្តទៅដោយរលូនបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក និងលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម ស សុខា បានបន្តទៀតថា មកដល់ម៉ោងនេះ គ្មានសហព័ន្ធកីឡាណាទទួលបានមេដាយមាស ច្រើនជាងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាទេ ។ ជាក់ស្ដែងកីឡាការិនី កែវ ឡេង ដែលទទួលបានមេដាយមាស រហូតទៅដល់ ៤ជំនាន់ជាប់ៗគ្នា។
ឯកឧត្តម ស សុខា បានលើកឡើងថា ចំពោះរូបឯកឧត្តមផ្ទាល់ និងគណៈកម្មការរៀបចំការប្រកួត ព្រមទាំងក្រុមការងារ បានត្រឹមតែត្រួសត្រាយផ្លូវជូនកីឡាករ កីឡាការិនីប៉ុណ្ណោះ ការប្រកួតឈ្នះ ឬចាញ់គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីទាំងអស់គ្នា។ ដូច្នេះកីឡាករ កីឡាការិនីខ្លួនឯង ត្រូវខិតខំហ្វឹកហាត់ ស្រង់យកបទពិសោធន៍ពីកីឡាករ កីឡាការិនីរៀងច្បង និងមិនត្រូវមើលងាយដៃគូរបស់ខ្លួនជាដាច់ខាត ព្រោះវានាំឲ្យយើងបរាជ័យ។
ឯកឧត្តម ស សុខា ក៏បានរំលឹកដែរថា ចាប់តាំងពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ននេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានអាយុកាល ៣០ឆ្នាំហើយ ពោលគឺគម្រប់ខួប ៣០ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចទាំងពីរ គឺសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស និងសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន បាននាំមកនូវកិត្យានុភាព និងមោទកភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាមហាអំណាចលើកីឡាប៊ូល និងប៉េតង់ នៅថ្នាក់តំបន់ ទ្វីប និងពិភពលោក។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការខិតខំប្រឹងប្រែងរៀបចំការប្រកួតរៀងរាល់ឆ្នាំ កីឡាប៊ូល និងប៉េតង់របស់យើង ដែលបានចូលរួមប្រកួតលើឆាកជាតិ និងអន្តរជាតិ សង្ឃឹមថាកីឡាមួយនេះ នឹងដាក់បញ្ចូលជាកីឡាអូឡាំពិក ក្នុងពេលខាងមុខ ដោយសារកន្លងមកនេះកីឡាប៊ូលនិងប៉េតង់របស់យើងមិនទាន់បានដាក់បញ្ចូលជាកីឡាអូឡាំពិកនៅឡើយ៕