អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៣!
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានកិច្ចប្រជុំស្តីអំពី *សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូង និងចៅក្រមនៃសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តមព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកប្រធានលេខាធិការដ្ឋាន អនុប្រធាន លេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីលេខាធិការដ្ឋានទាំងអស់ខេត្តកំពង់ចាម។
សូមបញ្ជាក់ថាកិច្ចប្រជុំ រៀបចំឡើងនៅសាលាដំបូងខេត្ត បើតាមខ្លឹមសារ កិច្ចការងារ សាលាដំបូងបានធ្វើឡើងឲ្យបានល្អប្រសើរជាងមុន តាមលក្ខណៈជាក់ស្ដែងថែមទៀត និងជំរុញឲ្យចំណាត់ការលើរឿងក្តីទាំងសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណី សំណុំរឿងតាមឯកសារអនុវត្តដោយបង្ខំ និងការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌតាមអំណាច នៃសេចក្តីសម្រេចស្ថានភាពទាំងអស់ឱ្យបានត្រឹមត្រូវតាមច្បាប់ និងឱ្យទាន់ពេលវេលា។
និងដើម្បីជំរុញឲ្យចំណាត់ការរឿងក្តីផ្ដល់នូវអាទិភាព ចាត់ការឲ្យបានឆាប់ទាន់ពេលវេលាលើសំណុំរឿងព្រហ្មទណ្ឌ ដែលទាក់ទិនកុមារទំនាស់នឹងច្បាប់និងស្ត្រី ជាពិសេសសំណុំរឿងគ្រឿងញៀន ត្រូវជំរុញឲ្យចៅក្រមអាសនៈ និងចៅក្រមអយ្យការ ក្រឡាបញ្ជី មន្ត្រីរដ្ឋបាលសាលាដំបូង និងអយ្យការទាំងអស់ ឲ្យលើកកម្ពស់សមត្ថភាពយល់ដឹងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈវិន័យការងារឱ្យបានត្រឹមត្រូវ និងឈ្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀត នូវរាល់អត្ថបទច្បាប់ទាក់ទងវិស័យយុត្តិធម៌ដើម្បីធានាការអនុវត្តឲ្យបានត្រឹមត្រូវ។
បន្ថែមលើសពីនេះត្រូវចុះពិនិត្យបញ្ជីចុះបណ្ដឹងបញ្ជីឃាត់ខ្លួននៅអង្គភាពនគរបាលយុត្តិធម៌ និងចុះត្រួតពិនិត្យប្រចាំខែដល់ពន្ធនាគារដោយចៅក្រមអយ្យការ និងជំរុញឲ្យអនុវត្តប្រាក់ពិន័យក្នុងរឿងព្រហ្មទណ្ឌឲ្យអស់លទ្ធភាព តាមអំណាច នៃសេចក្តីសម្រេចស្ថាពររបស់តុលាការព្រហ្មទណ្ឌ និងកំណត់ពេលវេលាប្រជុំមួយជាក់លាក់រវាងមន្ត្រីនគរបាលយុត្តិធម៌ អង្គការ អយ្យការ និងអង្គការតុលាការដើម្បីដោះស្រាយការងារប្រឈម៕