មន្ត្រីអ៊ុយក្រែនថា៖ ពលរដ្ឋជាង ៣០ ម៉ឺននាក់កំពុងរងាញ័រញាក់ ខណៈដែលគ្មានថាមពលគ្រប់គ្រាន់ប្រើប្រាស់!

0

 

ជាការពិតណាស់ នេះគឺជារដូវដែលរងារខ្លាំងបំផុតនៅប្រទេសអ៊ុយក្រែន ដែលជីវិតមនុស្សសត្វតាំងអស់រស់បានអាស្រ័យលើ ថាមពលកម្ដៅជាចម្បង។

លោក Nikolay Povoroznik នាយករងទី ១ នៃរដ្ឋបាលក្រុងកៀវបាននិយាយកាលពីថ្ងៃពុធថា ប្រជាពលរដ្ឋជាង ៣០ ម៉ឺននាក់ដែលកំពុងរស់នៅទីក្រុងគៀវ ក៏ដូចជាទីក្រុងនានា កំពុងរស់នៅទាំងរងាញ័រញាក់ ខណៈដែលមិនមានថាមពលអគ្គិសនី និង ទឹកប្រើប្រាស់គ្រប់គ្រាន់។

លោក Povoroznik បានប្រាប់សារព័ត៌មានថា”ថ្មីៗនេះ យើងបានគ្រប់គ្រងស្ថានភាពថាមពលអគ្គិសនីនៅក្នុងទីក្រុង ប៉ុន្តែរហូតមកដល់ពេលនេះ ការបិទចរន្តអគ្គិសនីដើម្បីរក្សាថាមពលនៅតែដំណើរការនៅតាមស្រុកផ្សេងៗក្នុងរដ្ឋធានី ហើយអ្នកប្រើប្រាស់ជាង ៣០ ម៉ឺននាក់នៅទីក្រុងកៀវគឺមិនមានអគ្គីសនីនោះទេ” ។

មន្ត្រីរូបនេះ​បាន​ឲ្យ​ដឹងទៀត​ថា “តំបន់មួយចំនួនដែល​ខ្វះ​អគ្គិសនី​ក៏​មិន​មាន​ប្រព័ន្ធ​កម្តៅ ឬ​ទឹក​ដែរ ។ លោកបានពន្យល់ថា “អគារខ្ពស់ៗដែលត្រូវការទឹក គឺមានការលំបាកក្នុងការផ្គត់ផ្គង់ ដោយសារតែម៉ាស៊ីនបូមទឹកមានកម្លាំងខ្សោយ មិនអាចបូមឡើងទៅដល់ឡើយ” ។

គូរជម្រាបថា ប្រធានាធិបតីអុយក្រែនលោក Volodymyr Zelensky បាននិយាយថា ៥០ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសត្រូវបានបំផ្លាញ ខណៈកាលពីថ្ងៃទី ៩ ខែធ្នូ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmygal បានទទួលស្គាល់ដូចគ្នាថា ការរឹតបន្តឹងលើការប្រើប្រាស់ថាមពលនៅក្នុងប្រទេស នឹងធ្វើឡើងសម្រាប់ពេញមួយរដូវរងា ដោយសារតែស្ថានីយ៍កម្ដៅ និងវារីអគ្គិសនីទាំងអស់ ព្រមទាំងបណ្តាញថាមពលកម្រិតខ្ពស់ចំនួន ៤០ ភាគរយត្រូវបានខូចខាត៕

Leave A Reply

Your email address will not be published.