កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីរក្សាទុកគ្រឿងញៀន!

0

(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១១.៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុកគ្រឿងញៀន និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងប្រតិបត្តិការនេះ បានប្រើប្រាស់កម្លាំងចំនួន០៦នាក់ រថយន្ត០២គ្រឿង អាវុធAK47 ២ដើម ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក និងផ្តល់ទីតាំងជួញដូរ ប្រើប្រាស់ចែកចាយបន្តនូវសារធាតុញៀនខុសច្បាប់ និងលួចលាក់រក្សាទុកនូវអាវុធគ្មានច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ។

ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ខាងលើមាន៖
១. ឈ្មោះ អាត ភារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
២. ឈ្មោះ ពេជ្រ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៣. ឈ្មោះ ឈឺន គឹមឆាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសែរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៏សថ្លាសង្ស័យថ្នាំញៀនចំនួន ០៦កញ្ចប់ (កញ្ចប់ធំ០១ និងកញ្ចប់តូច០៥) ទម្ងន់ស្មើ ២.៤៨ក្រាម, កាំភ្លើង CKC កាត់ចំនួន០១ដើម, គ្រាប់អាកា៤៧ ចំនួន២១គ្រាប់, គ្រាប់វាំងឡុងចំនួន ១២គ្រាប់, គ្រាប់M16 ចំនួន០៥គ្រាប់, ដាវចំនួន០២ដើម, ទូរស័ព្ទដៃចំនួន០៤គ្រឿង, លុយខ្មែរចំនួន៥ម៉ឺនរៀល, កាណុងកាំភ្លើងច្នៃចំនួន០២។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Leave A Reply

Your email address will not be published.