លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកងមាស!
ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកងមាស ។
ពិធីនេះមានការអញ្ចេីញចូលរួមពី លោកស្នងការរង លោកអនុប្រធានផែន លោកនាយ-នាយរងការិយាល័យ ទទួលចុះពង្រឹងការងារស្រុកកងមាស លោកអធិការ-អធិការរង នាយ-នាយរងផ្នែក រហូតដល់មន្រ្តី និងលោកនាយប៉ុស្តិ៍នគរបាលទាំង១១ ផងដែរ ។
ពិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ធ្វេីការផ្សព្វផ្សាយណែនាំ ដល់គ្រប់កងកម្លាំងទាំងអស់ ដេីម្បីទទួលអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងថា កងកម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ ដូច្នេះសូម អោយមន្ត្រីកងកម្លាំងនគរបាលស្រុកអនុវត្តតួនាទីភារកិច្ចដោយការទទួលខុសត្រូវ។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងនិងគូសបញ្ជាក់ថា រាល់មន្ត្រីនគរបាលដែលអនុវត្តការងារល្អ គឺត្រូវបានលើកទឹកចិត្ត ផ្តល់ឋានន្តរស័ក្តិនិងតួនាទីតាមការមើលឃើញជាក់ស្តែងគឺមិនអោយមានការឡើងសក្ដិតួនាទីខុសប្រក្រតីនោះទេ ហេតុដូច្នេះសូមខិតខំអនុវត្តការងារបន្តអោយបានល្អ។
លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានលើកឡើង ដោយបានសម្តែង នូវការកោតសរសើរ និងគាំទ្រលទ្ធផលការងារនាពេលកន្លងមក និងបានលើកឡើងនូវ បទពិសោធន៍ ព្រមទាំងបានដាក់ចេញនូវគោលការណ៍វិធានការ ការងារសំខាន់ៗ មួយចំនួនដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងការបង្ការបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក្នុងខេត្តឱ្យបានទាន់ពេល ឱ្យទទួលបានលទ្ធផលជាវិជ្ជមានបន្តទៀត។
ទន្ទឹមនោះលោកស្នងការ បានណែនាំឱ្យបន្ថែមនូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងរួមសហការគ្នាក្នុងការងារជំនាញនីមួយៗក្នុងអង្គភាពឱ្យបានល្អបន្តទៀត និងពង្រឹងការ ប្រចាំការ ប្រចាំបញ្ជាឱ្យបានគ្រប់ៗអង្គភាព។