បណ្ឌិត ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល

0

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ចំនួន ១៧០០នាក់ នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាព មានជំនាញ និងវិជ្ជាជីវៈខ្ពស់ នៅតែបន្តដើរតួជាកត្តាគន្លឹះសំខាន់បំផុត សម្រាប់កសាងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចមួយរឹងមាំ ប្រកបដោយភាពធន់ និងបរិយាបន្ន ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តមបន្តថា ក្នុងទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិទាំងមូល ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់។

ឯកឧត្តមថ្លែងថា៖ «ប្រាកដហើយធនធានហិរញ្ញវត្ថុ និងធនធានរូបវន្តមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ប៉ុន្តែបើធនធានមនុស្សមានការខ្វះខាត ជាបរិមាណ និងគុណភាព ការអភិវឌ្ឍន៍អាចនឹងមានការរាំងស្ទះ ឬមានការយឺតយ៉ាវ»។

បន្ថែមពីនេះឯកឧត្តមក៏បានបញ្ជាក់ថា ខណៈដែលកម្ពុជាបន្តមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ពី ៤ ទៅ ៧ភាគរយ កំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ថ្លៃថ្លាដែលនិស្សិតសម្រេចបាន មិនត្រឹមតែជាធនធានដ៏សំខាន់សម្រាប់ដឹកនាំជីវិត និងមានសមត្ថភាពចិញ្ចឹមជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផល នេះក៏ជាកិត្តិយសដល់ក្រុមគ្រួសារ ដែលជាការឆ្លើយតបជាវិជ្ជមានដល់ការរំពឹងទុករបស់អ្នកមានគុណ និងជាភោគទ្រព្យដ៏សំខាន់របស់ប្រទេសជាតិយើង ដែលត្រូវការចាំបាច់ណាស់នូវធនធានមនុស្សដែលមានសមត្ថភាព និងគុណធម៌ ដើម្បីរួមគ្នាបន្តពង្រឹង សុខសន្តិភាព និងបន្តអភិវឌ្ឍជាតិមាតុភូមិរបស់យើងលើគ្រប់វិស័យ។

ឯកឧត្តមថា៖ «ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់»៕

Leave A Reply

Your email address will not be published.